សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យគណៈប្រតិភូសភាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ហ្កាប្រីអែល កាតស្មារ៉ែក ( Gabriele KATZMAREK) ប្រធានគណៈប្រតិភូសភា នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទទួលបន្ទុកកិច្ចការអាស៊ានចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។
លោកជំទាវ ហ្កាប្រីអែល កាតស្មារ៉ែក បានថ្លែងអំណរគុណជ្រាលជ្រៅ ដែលសម្តេចប្រធានបានអនុញ្ញាតឱ្យគណៈប្រតិភូបានចូលជួបសម្តែងការគួរសមជាឱកាសនេះ។ លោកជំទាវបានអបអរសាទរចំពោះការរីកចម្រើនដ៍ឆាប់រហ័សរបស់កម្ពុជានៅលើគ្រប់វិស័យ នាពេលបច្ចុប្បន្ននេះ។
លោកជំទាវប្រធានគណៈប្រតិភូបានលើកឡើងថាប្រទេសកម្ពុជានិងអាល្លឺម៉ង់មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាតំាងពីរយូរណាស់មកហើយ។ ដូច្នេះប្រទេសទំាងពីរត្រូវពង្រីងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀតសំដៅកសាងសមិទ្ធផលថ្មីៗដល់ប្រទេសទំាងសងខាង។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា អាល្លឺម៉ង់ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា រហូតដល់សព្វថ្ងៃ តាមរយៈការឧបត្ថម្ភគាំទ្រ និងការផ្តល់ជំនួយសន្ធឹកសន្ធាប់ លើគម្រោងអភិវឌ្ឍន៍នានា និងតាមរយៈការធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-សង្គម និងវប្បធម៌ ដ៏ល្អជាមួយគ្នាផងដែរ។
សម្តេចបានគូសបញ្ជាក់ថា កម្ពុជា-អាល្លឺម៉ង់ មានទំនាក់ទំនងការទូត ជាមួយគ្នារយៈពេលជាង ៥ទសវត្សរ៍ ហើយទំនាក់ទំនងដ៏ល្អនេះ ត្រូវបានបន្តលើកកម្ពស់កាន់តែល្អប្រសើរឡើង ជាបន្តបន្ទាប់។ កាលពីសប្តាហ៏មុន ឯកឧត្តម ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា ដែលបានបើកទំព័រប្រវត្តិសាស្រ្តថ្មី នៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ កម្ពុជា-អាល្លឺម៉ង់ ហើយដំណើរទស្សនកិច្ចរបស់លោកជំទាវ និងគណៈប្រតិភូនាពេលនេះ នឹងកាន់តែជួយលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមានស្រាប់ ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ឱ្យកាន់តែស្អិតរមួត និងរីកចម្រើនខ្លាំងក្លាទ្វេដងថែមទៀត។
សម្តេចប្រធានរដ្ឋសភា បានជម្រាបប្រតិភូថា សុខសន្តិភាពពេញលេញ ដែលកម្ពុជាបានកំពុងមាននាពេលនេះ ជាកាលានុវត្តភាព ដ៏ប្រសើរក្រៃលែងក្នុងការធ្វើឱ្យកម្ពុជាបន្តអភិវឌ្ឍលើគ្រប់វិស័យ ដោយឈរលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គោរពសិទ្ធិមនុស្ស និងអភិបាលកិច្ចល្អ។
មុននឹងបញ្ចប់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអរគុណចំពោះ រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានជួយដល់កម្ពុជា តាំងពីដំណាក់កាលស្វែងរកសន្តិភាព រហូតដល់ការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាលើគ្រប់វិស័យ រួមមាន អប់រំ វប្បធម៌ ការអភិវឌ្ឍជនបទ ថាមពល ការបោសសម្អាតមីន ការកាត់បន្ថយភាពក្រីក្រ ការធ្វើកំណែទម្រង់ដីធ្លី ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងអភិបាលកិច្ចល្អជាដើម៕