អភិបាលរាជធានីភ្នំពេញ ក្រើនរំលឹកឲ្យអាជ្ញាធរខណ្ឌ ពិសេសប្រធានផ្សាររដ្ឋទាំង២៥ មិនឲ្យមានការយកលុយពីបងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អីជាដាច់ខាត


(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានធ្វើការក្រើនរំលឹក ឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥ នៅរាជធានីភ្នំពេញត្រូវពិនិត្យឡើងវិញ ដោយមិនត្រូវមានការយកលុយពីបងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី រួមទាំងការបញ្ចុះតម្លៃទឹកភ្លើង នៅតាមទីផ្សារនានា នៅក្នុងរាជរាជធានីភ្នំពេញ ទៅតាមកំណត់របស់រាជរដ្ឋាភិបាល។

ការក្រើនរំលឹកបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈលោកដឹកនាំកិច្ចប្រជុំ ស្តីពីការប្រើប្រាស់ទឹក-ភ្លើង នៅតាមផ្សាររដ្ឋ ក្នុងរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ក្នុងនាមអាជ្ញាធរខណ្ឌ សង្កាត់ ពិសេសប្រធានគណៈកម្មការផ្សារ ត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយទាំងអស់ ទាំងគុណភាពបន្លែ ត្រីសាច់ ទាំងជីវភាពរស់នៅរបស់បងប្អូនអាជីវករ ទាំងអ្នកលក់ដូរតាមតូប និងអ្នកលក់ដូរតាមកញ្ជ្រែងជាដើម ពោលគឺនៅពេលពួកគាត់មានបញ្ហាលំបាកអ្វីមួយ យើងត្រូវជួយពួកគាត់ ដោយមិនត្រូវទុកពួកគាត់ណាម្នាក់ស្លាប់ ដោយការអត់បាយនោះទេ។

ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា ការរៀបចំសណ្តាប់ធ្នាប់ នៅតាមទីផ្សារទាំងអស់ ដាច់ខាតមិនត្រូវប្រើកម្លាំងបាយជាមួយបងប្អូន អាជីវករនោះទេ ប៉ុន្តែជុំវិញផ្សារត្រូវតែស្អាត និងមានសណ្ដាប់ធ្នាប់ល្អ។ បងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី ត្រូវបានយកចិត្តទុកដាក់ដោយរាជរដ្ឋាភិបាល ហើយកន្លងមក យើងក៏ធ្លាប់បានប្រគល់អំណោយជូនពួកគាត់ជារឿយៗថែមទៀតផង។ គ្មានរឿងអីដែលយើង ត្រូវជេរប្រមាថពួកគាត់នោះទេ តែត្រូវប្រើប្រាស់ពាក្យសំដី ឲ្យបានសមរម្យជាមួយពួកគាត់ ព្រោះពួកគាត់ក៏ជាប្រជាពលរដ្ឋ របស់សម្តេចតេជោ ហ៊ុន សែន ដែរ។

ឯកឧត្តមបញ្ជាក់ផងដែរថា ការធ្វើអាជីវកម្មទឹក ភ្លើង នៅក្នុងទីផ្សារត្រូវពិនិត្យមើលឡើងវិញ ដាច់ខាតមិនអនុញ្ញាតឲ្យមានការធ្វើអាជីវកម្ម លក់ទឹក ភ្លើងនៅក្នុងផ្សារ យកតម្លៃលើសពីតម្លៃកំណត់ របស់រាជរដ្ឋាភិបាលនោះទេ។ ការងារនេះ ទាំងអាជ្ញាធរ ទាំងគណៈកម្មការផ្សារ ត្រូវពិនិត្យឲ្យបានម៉ត់ចត់ និងកែតម្រូវឡើងវិញ ដោយសារថា វាមិនទាន់ហួសពេលនោះទេ។

ឯកឧត្តមបញ្ជាក់ផងដែរថា នៅក្នុងផ្សារ ជុំវិញផ្សារ ត្រូវតែមានសណ្ដាប់ធ្នាប់ និងបរិស្ថានល្អ ការលក់ដូរមិនត្រូវបានហាមឃាត់នោះទេ តែត្រូវតែស្អាត និងមានសណ្ដាប់ធ្នាប់ និងគ្មានអ្នកយកលុយគេ តែក៏មិនត្រូវគ្មានអ្នកសម្អាតនោះទេ៕