(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទៅលេងកម្សាន្ដនៅអង្គរសង្ក្រាន្ដ ខេត្តសៀមរាប ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។
ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធ ដាក់ឲ្យប្រើប្រាស់អគារសិក្សាចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជិត៥ពាន់នាក់ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ សូមផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមនាំគ្នាទៅលេងកម្សាន្ដអង្គរសង្ក្រាន្ដ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ហើយសម្ដេចក៏នឹងមានវត្ដមាននៅទីនោះផងដែរ។
សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣នេះ មាន៦ទីតាំងកម្សាន្ត៤៤កម្មវិធី ដោយមានធ្វើការបង្ហាញពីផលិតផលរបស់ខ្មែរ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។
ពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣នេះ នឹងប្រព្រឹត្ដិក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
បើតាមឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ថ្លែងក្នុងកិច្ចប្រជុំដើម្បីត្រៀមរៀបចំអង្គរសង្ក្រាន្ត ឆ្នាំ២០២៣ បានឲ្យដឹងថា ការប្រារព្ធធ្វើអង្គរសង្ក្រាន្ត នៅលើទឹកដីប្រវត្តិសាស្ត្រ នៃខេត្តសៀមរាប គឺជាប្រវត្តិសាស្ត្រមួយសម្រាប់យុវជន ប្រជាជនកម្ពុជា ក៏ដូចជាភ្ញៀវទេសចរបរទេស។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ ក្នុងគោលបំណងជួបជុំយុវជន និងមហាជន នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលជាមហាគ្រួសារខ្មែរតែមួយ និងធ្វើឲ្យមានភាពរស់រវើក នៃសម្បត្តិបេតិកភណ្ឌអរូបិយរបស់ខ្មែរ៕