ឯកឧត្តម ឥត សារ៉ាត់៖ ទោះបីក្នុងកាលៈទេសៈណាក៏ដោយពលរដ្ឋគ្រប់រូបត្រូវបណ្តុះគំនិតស្រឡាញ់សន្តិភាព ការពារសុខសន្តិភាព និងដឹងគុណចំពោះអ្នកដែលធ្វើឱ្យប្រទេសជាតិមានសន្តិភាព


(សៀមរាប)៖ ឯកឧត្តម ឥត សារ៉ាត់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាចុះមូលដ្ឋានក្រុងសៀមរាប ខេត្តសៀមរាប បានលើកឡើងថា ទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយ ប្រជាពលរដ្ឋគ្រប់រូបត្រូវបណ្តុះគំនិតស្រឡាញ់សន្តិភាព ការពារសុខសន្តិភាព និងដឹងគុណចំពោះអ្នកដែលធ្វើឱ្យប្រទេសជាតិមានសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ការលើកឡើងបែបនេះរបស់ឯកឧត្តម ឥត សារ៉ាត់ បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់ គណបក្សប្រជាជនកម្ពុជា នៅសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុងសៀមរាប ខេត្តសៀមរាប នារសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ។

នាឱកាសនោះដែរ ឯកឧត្តម ឥត សារ៉ាត់ បានថ្លែងថា អ្នកដែលការពារសុខសន្តិភាពបាន មានតែគណគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ។ គុណតម្លៃនៃសន្តិភាពនេះហើយ ក្រោយសម័យសង្គ្រាមជាពិសេសក្រោយការដួលរលំរបប ប៉ុល ពត ហេដ្ឋាចរនាសម្ព័ន្ធក្នុងប្រទេសត្រូវបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង រាជរដ្ឋាភិបាលកម្ពុជាបានខិតខំជម្នះកសាងឡើងវិញ ចេញពីបាតដៃទទេ ដោយដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើនទៅតាមដំណាក់កាល ដើម្បីធ្វើការអភិវឌ្ឍប្រទេសជាតិជាជំហានៗ ក្នុងនោះការកសាងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាមូលដ្ឋានគ្រឹះក្នុងការចូលរួមជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពនោះ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម ឥត សារ៉ាត់ បានគូសបញ្ជាក់ថា សូមសមាជិក សមាជិក និងប្រជាពលរដ្ឋខ្មែរ ត្រូវចូលរួមការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ជាពិសេសត្រូវប្រឆាំងដាច់ខាតរាល់បុគ្គល ឬក្រុមណាមានបំណងបំផ្លាញសុខសន្តិភាពនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជា បន្តមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ។

ឯកឧត្តម ឥត សារ៉ាត់ បានបញ្ជាក់ថា តម្លៃនៃសន្តិភាពមិនអាចកាត់ថ្លៃបាននោះទេ ជាក់ស្តែងសុខសន្តិភាពដែលកម្ពុជារកបានដោយលំបាកពីសំណាក់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជាមានសមិទ្ធផលបានកើតឡើងជាបន្តបន្ទាន់ទាំងនេះក៏កើតចេញដោយសារប្រទេសជាតិមានសុខសន្តិភាព។

ឯកឧត្តម ឥត សារ៉ាត់ បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តគាំទ្រ និងផ្ដល់ការជឿជាក់មកលើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ដែលតែងតែខិតខំលះបង់កម្លាំងកាយចិត្តតស៊ូនាំយកសន្តិភាព ថែរក្សាសន្តិភាព និងបន្តអភិវឌ្ឍន៍រីកចម្រើនរហូត ដល់សព្វថ្ងៃនេះជាបន្តទៀត នៅក្នុងការដឹកនាំរាជរដ្ឋាភិបាល។ ជាពិសេសកុំជឿតាមការអូសទាញទៅក្នុងសកម្មភាពណាមួយ ដែលអាចបំផ្លាញសុខសន្តិភាព ព្រោះថាដំណើរដ៏វែងឆ្ងាយនៃការ សម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍក្នុងរយៈកាលជាង ៤០ឆ្នាំកន្លងមកនេះ ក៏មិនអាចកាត់ផ្តាច់បានផងដែរពីការចូលរួមចំណែកពីប្រជាពលរដ្ឋដោយមិនអាចខ្វះ។

ឯកឧត្តម ឥត សារ៉ាត់ បានបន្តថា ការអភិវឌ្ឍប្រទេសបាននោះ សំខាន់បំផុត គឺកត្តាសុខសន្តិភាព ដែលកំពុងមានសព្វថ្ងៃ។ យើងត្រូវថែរក្សាឱ្យបាន គង់វង្សទុកឱ្យកូនចៅជំនាន់ក្រោយៗតទៅទៀត។ សម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំប្រកបដោយធម៌ យុត្តិធម៌, គុណធម៌ មិនរត់ចោលប្រជាពលរដ្ឋក្នុងកាលៈទេសៈលំបាក និងមានការទទួលខុសត្រូវ ម៉ឺងម៉ាត់ចំពោះជោគវាសនាអនាគតជាតិ និងប្រជាជន ជាពិសេសទស្សនវិស័យនៃការអភិវឌ្ឍ ប្រទេសឱ្យរីកចម្រើនរុងរឿង៕