ឯកឧត្តមសុះ មុះសិន តំណាងរាស្រ្តមណ្តលខេត្តកណ្តាល និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់អំណោយចំនួន២៧០គ្រួសារ សម្រាប់ខែបួសរ៉ម៉ាឌន នៅក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល។ ពិធីនេះប្រារព្ធធ្វើនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។
ពិធីខាងលើក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងស្រុក តំណាងលោកអភិបាលស្រុកមុខកំពូល លោកមេឃុំ និងអាជ្ញាធរមូលដ្ឋានផងដែរ។
ឯកឧត្តម សុះ មុះសិន បានពាំនាំនូវសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកក្របាទក្រហមកម្ពុជា ជូនចំពោះអុំ ពូមីង បងប្អូនប្រជាពលរដ្ឋពីចំងាយផងដែរ។
ឯកឧត្តមបានលើកឡើងថា ដូចរាល់ឆ្នាំដែរ ឆ្នាំនេះ ខែរ៉ាម៉ាឌនរបស់សាសនាឥស្លាមនឹងខិតចូលមកដល់ក្នុងពេលដ៏ខាងមុខ។ រ៉ាម៉ាឌន គឺជាខែទីប្រាំបួននៃប្រតិទិនឥស្លាម។ មនុស្សជាច្រើនយល់ថា ជនមុស្លិមគ្រាន់តែតមអាហារប៉ុណ្ណោះក្នុងខែនេះ។ តាមពិត ការតមអាហារគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ។ រ៉ាម៉ាឌន គឺជាខែ នៃ សេចក្ដី សុខ សន្តិភាព ជា ខែ នៃ សេចក្ដី ស្ងប់ ជា ខែ នៃ សេចក្ដី ល្អ ជា ខែ នៃ សេចក្ដី អត់ ទោស ជា ខែ នៃ សេចក្ដី មេត្តា ករុណា ជាខែដែលគម្ពីរអាល់គួរអានដ៏ពិសិដ្ឋ ត្រូវបានបញ្ចុះសម្រាប់ជនមុស្លិម វាជាខែនៃសេចក្តីសប្បុរស និងបរិច្ចាគទាន ជា ខែ នៃ ការអបអរក្នុងនាមជាជនមុស្លិម ដែល ប្រតិបត្តិ នូវ ការ អត់ធ្មត់ យើង ធ្វើ នូវ អ្វី ដែល អល់ឡោះជាម្ចាស់បាន បញ្ញត្តិ។