ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ហ៊ុន សែន ប្តេជ្ញាបន្តកសាង និងអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនរុងរឿងទាំងក្នុងវិស័យសាសនា និងផ្នែកអាណាចក្រ


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាបន្តកសាង និងអភិវឌ្ឍប្រទេសឱ្យបានកាន់តែរីកចម្រើនរុងរឿងទាំងក្នុងវិស័យសាសនា និងផ្នែកអាណាចក្រ តាមរយៈការខិតខំកែលម្អរាល់ចំណុចខ្វះខាត ព្រមទាំងពង្រឹង និងពង្រីកឥតឈប់ឈរនូវសមិទ្ធផលវិជ្ជមានឱ្យបានច្រើនបន្ថែមទៀត សំដៅដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពរុងរឿងសម្បូរសប្បាយគ្រប់ៗជំនាន់តរៀងទៅ។

ការបញ្ជាក់បែបនេះរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីសម្ពោធសមិទ្ធផលនានា និងស្រោចស្រពព្រះសុគន្ធវារី នៅក្នុងវត្តធម្មវិបស្សនារាម ហៅវត្តតាភេម នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សូមចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរចំពោះសមិទ្ធផលជាច្រើន ដែលកើតមានទ្បើងក្នុងទីអារាមដ៏ចំណាស់ក្នុងរាជធានីភ្នំពេញ ជាមួយនឹងអាយុកាលប្រមាណជាង១៩០ឆ្នាំ ដោយសមិទ្ធផលទាំងនេះបានកើតចេញសិល្បៈនៃការចែករំលែកដ៏ពិសិដ្ឋរបស់ខ្មែរ ដែលកំពុងត្រូវបានបន្តប្រកាន់ខ្ជាប់ និងប្រតិបត្តិយ៉ាងទូលំទូលាយ ដោយសារឱកាសនៃសុខសន្តិភាព និងស្ថិរភាព ព្រមជាមួយនឹងជីវភាព តែប្រសើរធូរធារបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា វឌ្ឍនភាពនេះ ក៏មិនអាចកាត់ផ្តាច់បានពីការបង្កលក្ខណៈគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល ក្រសួងធម្មការ និងសាសនា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ និងក្រុមការងារចុះជួយមូលដ្ឋានគ្រប់យន្តការដែលបានយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមថា សាសនាមានឥទ្ធិពលសកម្មនៅក្នុងសង្គមជាតិ និងសង្គមគ្រួសារ ក៏ដូចជាចំពោះបុគ្គលម្នាក់ៗ។ ការកើនទ្បើងនៃចំនួនប្រជាពលរដ្ឋដែលគោរពប្រតិបត្តិសាសនា អាចជួយកាត់បន្ថយនូវបញ្ហា អវិជ្ជមាននានាក្នុងសង្គម ពង្រឹងភាពសុខដុមរមនាក្នុងគ្រួសារ និងចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងន័យនេះ ទំនាក់ទំនងជិតស្និទ្ធរវាងការអប់រំផ្នែកសាសនា និងផ្នែកវិទ្យាសាស្ត្រ ចាំបាច់ត្រូវដើរទន្ទឹមគ្នា ដើម្បីធានាបាននូវការផលិតមូលធនមនុស្សគ្រប់ជំនាន់របស់កម្ពុជា ប្រកបដោយចំណេះដឹង ជំនាញ និងគុណធម៌ ជាប្រយោជន៍ដល់ប្រទេសជាតិក្នុងការរក្សាបាននូវភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យ និងឈានទៅប្រកួតប្រជែងទាំងក្នុងកម្រិតតំបន់ និងសាកលលោក៕