សម្តេចតេជោ ហ៊ុន សែន៖ តើមានអ្វីខុស ដែលកម្ពុជាពង្រឹងសមត្ថភាពកងទ័ពជើងទឹក? ទឹកដីនេះជាទឹកដីកម្ពុជា


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរិះគន់ចំពោះ យុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ដែលធ្វើឡើងដោយបរទេស និងអ្នកនយោបាយមួយចំនួន លើការអភិវឌ្ឍកំពង់់ផែរាម។ សម្តេចបានចោទជាសំណួរថា តើកម្ពុជាមានអ្វីខុស ដោយគ្រាន់តែពង្រឹងសមត្ថភាពកងទ័ពជើងទឹក ឬអភិវឌ្ឍកំពង់ផែរាម ដោយសារតែទឹកដីនេះ ជាទឹកដីរបស់កម្ពុជា។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញចែកសញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

ការបញ្ជាក់របស់ សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីមានយុទ្ធនាការដែលបង្កើតឡើងដោយបរទេស និងអ្នកនយោបាយមួយចំនួន ក្នុងការបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា តាមប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងទៅនឹងការអភិវឌ្ឍកំពង់ផែរាម។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «លើកលែងតែអ្នកឯងចង់រករឿងខ្ញុំ យើងកំពុងពង្រឹងសមត្ថភាពកំពង់ផែយោធារបស់កម្ពុជាមានអីខុស? ទឹកដីនេះជាទឹកដីកម្ពុជា កម្ពុជាមានសិទ្ធិនឹងពង្រីកសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន ជម្រៅទឹកដើមរបស់យើង ត្រឹមតែ២.៧ម៉ែត្រទេ ពេលនេះត្រូវតែបូមឱ្យជ្រៅ ហើយធ្វើមូលដ្ឋានកងទ័ពឱ្យច្បាស់លាស់ អត់មានទៅគម្រាមកំហែងនរណាទេ»

សម្តេចក៏បានរិះគន់បុគ្គលមួយចំនួនដែលលើកឡើងថា កំពង់ផែរាម ដែលអភិវឌ្ឍពេលនេះ នឹងអាចដាក់នាវាចុះចតយន្តហោះរបស់ចិនបានត្រឹម២គ្រឿង។ សម្តេចអះអាងថា ជនបរទេសដែលនិយាយនេះខ្វះការយល់ដឹង និងមានខួរក្បាលខ្សោយ។

«អ្នកឯងគ្រាន់តែសំណាងកើតនៅក្នុងប្រទេសអ្នកមាន តែប៉ុណ្ណោះ ប៉ុន្តែខួរក្បាលអ្នកឯងអន់ណាស់ ដែលសរសេរ និងវិភាគបែបនេះ ចាំបាច់ទៅចុះតាមនាវាធ្វើអី បើព្រលានយន្តហោះកងកេងវានៅក្បែរនោះ ចុះលើគោកតែម្តងទៅវាមិនស្រួល បើសិនជាចង់ចុះ ហើយយើងឯកភាពឱ្យចិនចុះ»។ នេះជាការបញ្ជាក់របស់សម្តេចតេជោ។

សម្តេចក៏បានលើកឧទាហរណ៍កន្លងមក ចំពោះការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្រទេសអ្នកមានទាំងនោះបែរជាមានអ្នកឆ្លង និងអ្នកស្លាប់ច្រើនជាងប្រទេសកំពុងអភិវឌ្ឍដូចជាប្រទេសកម្ពុជា បែរជារិះគន់ភាពទន់ខ្សោយ នៃវិស័យសុខាភិបាលកម្ពុជាទៅវិញ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កំពង់ផែរាមនៅតែបន្តសាងសង់ និងអភិវឌ្ឍ ហើយសម្តេចមិនខ្លាចចំពោះប្រទេសទាំងនោះក្នុងការដាក់ផ្កាយរណប ចាប់យករូបភាពអភិវឌ្ឍ នៅកំពង់ផែរាមកម្ពុជានោះទេ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមថា សម្តេចក៏នឹងបង្ហាញចេញថា កំពង់ផែរាមមានការអភិវឌ្ឍយ៉ាងម៉េចជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកអំពីការអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុ ដែលជប៉ុនបានចូលមកជួយអភិវឌ្ឍប្រទេសកម្ពុជា។ សម្តេចក៏បានស្នើឱ្យជប៉ុន ពន្លឿនក្នុងការអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុនេះ។

សម្តេចបញ្ជាក់បន្ថែមថា៖ «សព្វថ្ងៃ តម្លៃដឹកជញ្ជូនមកយើងខ្ពស់ដោយសារអ្វី ដោយសារតែយើងដឹកជញ្ជូនតាមនាវាតូច ទៅផ្ទេរនៅវៀតណាម ឬសាំងហ្គាព័រ អញ្ជើងត្រូវលើកដឹករហូតដល់២ដង អញ្ចឹងទេបានខ្ញុំផ្ញើជប៉ុន ឲ្យពន្លឿនការបូមបាតសមុទ្រ ឲ្យមានជម្រៅទឹកសម្រាប់ការចូលនាវា ឥឡូវនេះយើងមានសមត្ថភាពចូលត្រឹមប្រមាណ៣ម៉ឺនតោន ប៉ុន្តែកាប៉ាល់៥ម៉ឺនតោន ៦ម៉ឺនតោនចូលអត់បាន»

សម្តេចបន្តថា សម្រាប់កំពង់ផែរាម យើងមានជម្រៅទឹកត្រឹម២.៧ម៉ែត្រ ចូលបានតែនាវាតូចៗ ហើយយើងត្រូវពង្រឹងកងទ័ពជើងទឹករបស់យើង។ សម្តេចបញ្ជាក់ទៀតថា «យើងទម្រាំយកទុនបានពីចិន ដើម្បីមកធ្វើនេះ មិនមែនជាការងាយទេ កម្ពុជាមានសិទ្ធិទៅយកទុនពីអ្នកនេះ ទុនពីអ្នកនោះដើម្បីធ្វើតើ»

សម្តេចបានចោទជាសំណួរថា ហេតុអ្វីក៏ក្រុមបរទេសទាំងនោះពន្យល់កម្ពុជា កម្ពុជាទទួលយល់ ប៉ុន្តែនៅពេលកម្ពុជាពន្យល់ថា កម្ពុជាមានភាពចាំបាច់ដែលត្រូវអភិវឌ្ឍវិស័យយោធា ដើម្បីទប់ស្កាត់បទល្មើសផ្សេង និងការពារអធិបតេយ្យរបស់ខ្លួន បែរជាពួកគេមិនទទួលយល់។

ទោះជាយ៉ាងនេះក្តី សម្តេចបានប្រកាសថា កម្ពុជាមិនមានវត្តមានមូលដ្ឋានកងទ័ពចិន ឬបរទេសណានៅក្នុងប្រទេសរបស់ខ្លួនទេ។ កម្ពុជាស្វាគមន៍កិច្ចសហការរបស់បរទេសទាំងអស់ ក្នុងការសហការគ្នាធ្វើសមយុទ្ធណាមួយ៕