សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលគាល់ព្រះមហាក្សត្រជប៉ុន


បន្ទាប់ពីបានជួបប្រជុំពិភាក្សាការងារជាមួយក្រុមវិនិយោគិនជប៉ុនរួចមក នៅថ្ងៃដដែលនេះ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិសារអាហារ ថ្ងៃត្រង់ការងារជាមួយ លោក សាសាហ្គាវ៉ា ប្រធាន និងក្រុមការងារនៃមូលនិធិជប៉ុន (Nippon Foundation) នៅភោជនីយដ្ឋានក្នុងសណ្ឋាគារ New Otani ។
នៅក្នុងជំនួបនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់មូលនិធិជប៉ុន ដែលបានចូលរួម ចំណែកយ៉ាងសកម្មក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា។ សម្តេចតេជោ ក៏បានសំណូមពរអោយ មូលនិធិជប៉ុនចូលរួមក្នុងការអភិវឌ្ឍន៍នៅកម្ពុជាជាបន្តទៀត។
បន្ទាប់ពីពិសារអាហារថ្ងៃត្រង់ការងាររួចហើយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលគាល់ព្រះមហា ក្សត្រជប៉ុន ណារូហីតូ (Naruhito) នៅព្រះរាជតំណាក់របស់ព្រះអង្គក្នុងទីក្រុងតូក្យូ។ សម្តេចតេជោ បានថ្វាយនូវព្រះរាជបណ្តាំសួរសុខទុក្ខពីសំណាក់ព្រះករុណាព្រះបាទ នរោត្កម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះព្រះមហាក្សត្រណារូហីតុ ក្នុងឱកាសដែលសម្តេចតេជោបំពេញ ទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន។ ការចូលបង្គំគាល់របស់ សម្តេចតេជោ ចំពោះព្រះមហាក្សត្រជប៉ុន ថ្ងៃនេះ គឺបានរិតបន្តឹងនូវចំណងមិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរអោយកាន់តែល្អរឹង មាំថែមទៀតដែលនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ៕