ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ស្នើតាមរយៈទូតបារាំងឲ្យបញ្ជូនអ្នកសង្កេតការណ៍ មកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា


(ភ្នំពេញ)៖ ក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ទទួលជួបឯកឧត្តម ប៉េលឡេត ហ្សាកស៍ ប៉ូល ហ្កាសស្តុន (PELLET Jacques Paul Gaston) ឯកអគ្គរដ្ឋទូតបារំាងថ្មីប្រចាំនៅកម្ពុជា ដើម្បីសម្តែងការគួរសម ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្នើឯកឧត្តមឯកអគ្គរដ្ឋទូត ឲ្យបញ្ជូនអ្នកអង្កេតការបារាំង មកពិនិត្យមើល «ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧» ដែលនឹងធ្វើឡើងនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ចំណែកឯ ឯកឧត្តមឯកអគ្គរដ្ឋទូត បានឆ្លើយតបថា នឹងមានក្រុមអ្នកអង្កេតការណ៍អឺរ៉ុប ដែលអាចមកមុន ៣ខែ ដើម្បីសង្កេតមើលការបោះឆ្នោតនេះ។

ក្នុងជំនួបដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងថា ឆ្នាំ២០២៣នេះ ជាខួបអនុស្សាវរីយ៍លើកទី៧០ នៃឯករាជ្យកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលសម្ដេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានទទួលពីបារាំងដោយព្រះអង្គបានធ្វើយុទ្ធនាការការទូតដោយសន្ដិវិធី ដែលអត់មានការបង្ហូរឈាមដូចនៅប្រទេសជិតខាងកម្ពុជាទេ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យល់ថា គួរស្ថានទូតសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំខួបអនុស្សាវរីយ៍នេះ ឲ្យបានល្អ សមស្របនឹងទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការជិតស្និត រវាងប្រទេសយើងទាំងពីរ។ ឯកឧត្តមលើកឡើងថា ទោះជាកម្ពុជាស្ថិតនៅក្នុងស្ថានភាពនិយាយភាសាអង់គ្លេស តែកម្ពុជានៅតែជាសមាជិកជិតស្និត ក្នុងអង្គការហ្រ្វង់កូហ្វូនីនិយាយភាសាបារាំង តាំងពីការបង្កើតអង្គការនេះមក។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកថា នឹងទាក់ទងឲ្យឥស្សរជនជាន់ខ្ពស់អញ្ជើញមកនៅក្នុងឱកាសនេះ ខណៈឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានស្នើឲ្យលោកជំទាវរដ្ឋមន្ត្រីក្រសួងការបរទេសបារាំងអញ្ជើញមក ជាការល្អ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម រេមី រីអ៊ូ (Mr.Remy Riou) អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារំាង ដែលឯកឧត្តមបានរៀបចំខួបលើកទី៣០ នៃទីភា្នក់ងារអភិវឌ្ឍន៍បារំាងនៅកម្ពុជាក្នុងពេលទស្សនកិច្ចរបស់គាត់នៅភ្នំពេញ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់អំពីការរួមចំណែករបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារំាង ទៅលើវិស័យអាទិភាពចម្បងសំខាន់ៗដូចជា៖

* ១៖ ការអភិវឌ្ឍន៍វិស័យកសិកម្ម និងការអភិវឌ្ឍន៍ជនបទ
* ២៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្រ្ត
* ៣៖ ការគំាទ្រគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ល។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណប្រទេសបារំាង ដែលជាប្រទេសទី១ នៅអឺរ៉ុប ដែលបានទិញអង្ករពីកម្ពុជាច្រើន ហើយពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរបានដំណើរការ យ៉ាងសកម្មជិត ៦០០លានដុល្លារ ក្នុងឆ្នាំ២០២២។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានស្នើឲ្យប្រទេសបារាំងទិញកសិផលកម្ពុជា ឲ្យបានច្រើនថែមទៀត ព្រមទាំងវិនិយោគក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏លើកពីកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពមួកខៀវកម្ពុជា និងក្រុមកងទ័ពមួកខៀវបារាំងក្រោមឆត្រអង្គការសហប្រជាជាតិ ដើម្បីរក្សាសន្ដិភាពនៅតំបន់ ឬប្រទេសដែលមានជម្លោះប្រដាប់អាវុធនៅអាហ្វ្រិក។ តាំងពីឆ្នាំ២០០៦ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវចំនួន ៨,៨៥៩នាក់ ដើម្បីរក្សាសន្តិភាពនៅប្រទេសអាហ្វ្រិក ដូចជា៖ ប្រទេសម៉ាលី អាហ្រ្វិកកណ្តាល លីបង់ និងប្រទេសស៊ូដង់ខាងត្បូង។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានសួរជំហរកម្ពុជាអំពីសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែន លោកឧបនាយករដ្ឋមន្រ្តី បានឆ្លើយថា កម្ពុជាមានគោលការណ៍គ្រឹះ គឺប្រឆាំងការអន្ដរគមន៍កិច្ចការផ្ទៃក្នុង ឯករាជ្យ និងអធិបតេយ្យភាពនៃប្រទេសដទៃ ដូច្នេះបានជាកម្ពុជាមិនអាចគាំទ្ររុស្ស៊ីបាន តែបានបញ្ជូនក្រុមដោះមីនទៅជួយអ៊ុយក្រែន៕