នាយករដ្ឋមន្ត្រីម៉ាឡេស៉ី អាន់វ៉ា កោតសរសើរការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យកម្ពុជាបញ្ចប់សង្រ្គាម និងមានភាពរីកចម្រើន


(ភ្នំពេញ)៖ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី បានថ្លែងនូវការកោតសរសើរ ការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលធ្វើឲ្យប្រទេសកម្ពុជា បានបញ្ចប់នូវសង្គ្រាម និងមានភាពរីកចម្រើន។

ការថ្លែងនូវការកោតសរសើរ របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា ធ្វើឡើងក្នុងសន្និសីទរួមគ្នា រវាងនាយករដ្ឋមន្ដ្រីកម្ពុជា-ម៉ាឡេស៊ី បង្ហាញអំពីលទ្ធផលជំនួបទ្វេភាគី នៅវិមានសន្តិភាព នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ គតិបណ្ឌិតរបស់សម្ដេច ព្រោះថា សម្ដេចអាចរក្សាបានសន្ដិភាព នៅក្នុងកាលៈទេសៈដ៏ស្មុញស្មាញ់នៅកម្ពុជា បើសិនជាប្រៀបធៀប នឹងស្ថានភាពមីយ៉ាន់ម៉ា នាពេលបច្ចុប្បន្ន»

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានលើកឡើងថា ប្រទេសមួយ ដែលញ៉ាំញីដោយសង្គ្រាមស៊ីវិល ហើយទីបំផុត ទទួលបានសន្ដិភាពពេញលេញ ហើយលោកទន្ទឹមរង់ចាំ នូវការចូលរួមចំណែករបស់សម្ដេច នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខនេះ ដើម្បីផ្ដល់នូវទស្សនៈមួយចំនួន នៅក្នុងក្របខណ្ឌគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។

សូមជម្រាបថា ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ដើម្បីមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល១ថ្ងៃ។

ការអញ្ជើញមកដល់របស់ ឯកឧត្តម អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នៅព្រលានយន្តហោះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមន្ត្រីកម្ពុជា ដឹកនាំដោយ ឯកឧត្តម អូស្មាន ហាសាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស។

ដំណើរទស្សនកិច្ចផ្លូវការ របស់ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មកកាន់កម្ពុជានាពេលនេះ នឹងនាំមកនូវសន្ទុះថ្មី ដល់ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ ហើយនឹងរួមចំណែក ដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជា រួមចំណែកដល់ការបន្តការអភិវឌ្ឍ និងវិបុលភាព របស់សហគមន៍អាស៊ាន និងអន្តរជាតិ ផងដែរ៕