ស្ពានបេតុងមួយកន្លែងជាអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ត្រូវបើកការដ្ឋានសាងសង់


(កណ្ដាល)៖ ស្ពានបេតុងអាមេប្រវែង៥៥ម៉ែត្រ គុណ៨ម៉ែត្រ ជាអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាជនសង្កាត់ព្រែកហូរ ត្រូវបានបើកការដ្ឋានសាងសង់ហើយ ស្ថិតនៅភូមិបត្តាជីសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត ដោយមានការចូលរួមពីប្រជាជនជាង៥០០នាក់ផងដែរ។

លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានឱ្យដឹងថា ស្ពានបេតុងអាមេប្រវែង៥៥ម៉ែត្រ គុណ៨ម៉ែត្រ ជូនប្រជាពលរដ្ឋ៣៨១គ្រួសារ ស្ថិតនៅភូមិបត្តាជីសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល នេះជាអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកសាងដោយក្រុមដោយក្រុមហ៊ុន BDB Engineering and Development Co,. LTD។

ឯកឧត្តម គង់ សោភ័ណ្ឌ ថ្លែងថា គម្រោងសាងសង់ស្ពានបេតុងអាមេស្ពាននេះ នឹងជួយសម្រួលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ចំនួន ៣៨១គ្រួសារ ស្មើនឹង ១៦៨៥នាក់ ដែលរស់នៅក្នុងភូមិបត្តាជី ក៏ដូចភូមិព្រែកឡុង និង ភូមិព្រែកកាត់ សង្កាត់តាក្តុល និងបងប្អូនប្រជាពលរដ្ឋផ្សេងទៀតឆ្លងកាត់ ដែលកន្លងមក មានការលំបាកខ្លាំង ក្នុងការធ្វើដំណើរឆ្លងកាត់ និងដឹកជញ្ជូន កសិផល យកទៅលក់នៅទីផ្សាដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។

ឯកឧត្តមបានគូសបញ្ជាក់ថា ស្ពានចាស់បានចាប់ផ្តើមសាងសង់ដំបូងនៅឆ្នាំ១៩៩២ ដោយបានថវិកាពីការលក់ដីភូមិដើម្បីសាងសង់ជាស្ពានឈើ ក្រោមការជួយជ្រោមជ្រែងពីលោក យិន យ៉ាត អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល។

លុះមកដល់ឆ្នាំ២០០១ ស្ពាននេះត្រូវបានខូចខាតខ្លាំង ហើយសម្ដេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាចំនួន ៥,០០០ដុល្លារ តាមរយៈឯកឧត្តម គន់ គីម សម្រាប់ជួសជុលស្ថានឡើងវិញ។ ក្រោយមកទៀត ស្ពានក៏ចាប់ផ្តើម ខូចកាន់ខ្លាំង មកដល់ឆ្នាំ២០១៥ លោក ឈុន ស៊ីរុន អតីតអភិបាលខេត្តកណ្តាល បានឲ្យលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្ដាល រុះរើស្ពាននេះចេញ និងកសាងស្ពានថ្មី ដោយធ្វើអំពីឈើដដែល។

ឯកឧត្តមបន្តទៀតថា រហូតមកដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ដោយស្ដាយនេះសភាពចាស់ទ្រុឌទ្រោមខ្លាំង ប្រជាពលរដ្ឋបានជួសជុជស្ថាននេះបណ្ដើរៗ ដោយមានការចូលរួមពីក្រុមការងារាជរដ្ឋាភិបាលចុះ ជួយសង្កាត់ព្រែកហូរ តែដោយសារជំនន់ទឹកភ្លៀងរដូវប្រាំងហូរមកខ្លាំង និងមានកំប្លោកហូរមកទើនៅក្រោមស្ពាន ក៏បានធ្វើឲ្យស្អាននេះបាក់ទាំងស្រុងតែម្ដង។

ជាមួយគ្នានេះឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានលើកឡើងថា ស្ពានបេតុងអាមេ បត្តាជី ប្រវែង ៥៥ម៉ែត្រ ទទឹង ៨ ម៉ែត្រ ស្ថិតនៅភូមិបត្តាជីសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល នាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត សម្រាប់ខេត្តកណ្តាល ដែលទាំងនេះលេចចេញមកពីគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន៕