សិក្ខាសាលាអន្តរជាតិស្តីពីខួបលើកទី១០នៃកិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវរួមគ្នា កម្ពុជា កូរ៉េ


នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគាររ៉េស៊ីដង់ សុខា មានរៀបចំសិក្ខាសាលាអន្តរជាតិស្តីពីខួបលើកទី១០នៃកិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវរួមគ្នា កម្ពុជា កូរ៉េ “សមិទ្ធផលសិក្សាស្រាវជ្រាវរួមគ្នា និងសារសំខាន់នៃការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ជីវចម្រុះកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្ដម Woonsuk Baek ប្រធានវិទ្យាស្ថានជាតិធនធានជីវចម្រុះដោយមានការចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តំណាងក្រសួងស្ថាប័នពាក់ពន្ធ័ តំណាងស្ថានទូតសាធារណរដ្ឋកូរ៉េ និងតំណាងអង្គការKOICA ឯកឧត្តម អស់លោក លោកស្រី ជាតំណាងអង្គភាពជំនាញ និងរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ហើយនិង លោក លោកស្រីតំណាងដៃគូអភិវឌ្ឍន៏ ភ្ញៀវជាតិ និងអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងមន្ត្រីរដ្ឋបាលព្រៃឈើ ជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីតួនាទីរបស់ជីវចម្រុះចំពោះវិស័យកសិកម្ម ជាពិសសការបង្កើនផលិតភាពកសិកម្ម ផលិតផលចំណីអាហារ ឱសថបុរាណ និងការទាក់ទាញទេសចរណ៌ធម្មជាតិ ជាដើម។ ជីវចម្រុះជាឧបករណ៍ដ៏សំខាន់ក្នុងការចូលរួមកាត់បន្តយភាពក្រីក្ររួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់សេវាបរិស្ថាន ការអភិរក្សជីវចម្រុះ និងថែរក្សានូវមរតកវប្បធម៌របស់ប្រទេសជាតិ។ ក្នុងន័យនេះ ទើបមានកិច្ចខិតខំនិងបង្កើតឡើងនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរដ្ឋបាលព្រៃឈើ និងវិទ្យាស្ថានជាតិធនធានជីវចម្រុះកូរ៉េ ដែលបានបង្កើតនូវលទ្ធផលជាផ្លែផ្កាគួរកត់សម្គាល់ជាច្រើន តាមរយៈការសិក្សាស្រាវជ្រាវតាមបែបប្រព័ន្ធមួយដែលវាយតម្លៃជាវិជ្ជមានថាជាឱកាសប្រកបដោយសក្ដានុពលមួយរបស់កម្ពុជាក្នុងការប្រើប្រាស់ធនធានជីវចម្រុះ តាមយន្តការមួយដែលធានាបាននូវការអភិរក្ស គ្រប់គ្រង និងអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
ឯកឧត្ដមរដ្ឋមន្ត្រីបានឆ្លៀតឱកាសនោះផងដែរ ផ្តល់នូវអនុសាសន៏ជូនអង្គសិក្ខាសាលាអន្តរជាតិ ដូចខាងក្រោម៖
ទី១. គាំទ្រក្នុងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ជីវចម្រុះកម្ពុជា ដែលមជ្ឈមណ្ឌលនេះនឹងត្រូវដើរតួយ៉ាងសំខាន់ក្នុងការបង្កើនការសិក្សាស្រាវជ្រាវ និងអភិរក្សជីវចម្រុះដែលខ្ញុំសង្ឃឹមថា ភាគីកូរ៉េនឹងខិតខំជួយជំរុញឱ្យទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។
ទី២. សូមបន្តគាំទ្រលើការកសាងសមត្ថភាព ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ជីវ-ឧស្សាហកម្មដោយមានការចូលរួមផងដែរពីអង្គភាពជំនាញពាក់ព័ន្ធ ពិសេសគ្រឹះស្ថានបណ្តុះបណ្តាលឧត្តមសិក្សាកសិកម្មទាំង៣ក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទី៣. សូមស្វាគមន៍ចំពោះវិនិយោគិនកូរ៉េ សម្រាប់កិច្ចសហប្រតិបត្តិការចូលរួមក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសការនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េប្រកបដោយភាពប្រកួតប្រជែងក្នុងបរិបទជាសាកល។