នៅវេលាម៉ោងប្រមាណ ៥ល្ងាចថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ គ្រូបង្វឹក ព្រមទាំងកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាសរុប ៤,២៦៤នាក់។ ពិធីនេះរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីរវាងសម្តេចតេជោ ជាមួយដឹកនាំ គ្រូបង្វឹក ព្រមទាំងកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា បានធ្វើចំនួន៤លើករួចមកហើយ។ ប៉ុន្តែត្រូវបានខកខាននៅឆ្នាំ២០២០,២០២១ និង២០២២ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។
ជំនួបសំណេះសំណាល និងពិសារអាហារសាមគ្គីនេះ ដើម្បីផ្តល់កម្លាំងចិត្តដល់ថ្នាក់ដឹកនាំ គ្រូបង្វឹក ក៏ដូចជាកីឡាករ កីឡាការិនី។ បន្ថែមពីលើនោះ ក៏ជាឱកាសសម្តេចតេជោនាយករដ្ឋមន្ត្រី ផ្តល់ដំបូន្មាន ផ្តល់អនុសាសន៍មួយចំនួនពង្រឹងវិស័យកីឡានៅកម្ពុជា ខណៈឆ្នាំនេះកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ បន្ទាប់ពីរង់ចាំអស់រយៈពេល៦៤ឆ្នាំ។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ពិធីស្រស់ស្រូបអាហារសាមគ្គីនាពេលនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំកីឡា មន្ត្រីកីឡាចំនួន ៩១៩,នាក់, ថា្នក់ដឹកនាំ មន្ត្រីកីឡា ជនមានពិការភាព និងពិការសតិបញ្ញា ចំនួន ២២០នាក់, ថ្នាក់ដឹកនាំមន្ត្រីកីឡា កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិចំនួន ៥០នាក់, ព្រឹទ្ធាចារ្យកីឡាចំនួន ៧៥នាក់ និងកីឡាករ កីឡាការិនី គ្រូបង្វឹក អាជ្ញាកណ្តាល-ចៅក្រមចំនួន ៣,០០០នាក់។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ចាត់ទុកវត្តមានរបស់សម្តេចអញ្ជើញពិសារអាហារសាមគ្គីជាមួយក្រុមគ្រួសារកីឡានាពេល បង្ហាញឱ្យពីការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យកីឡានៅកម្ពុជា ក៏ដូចជាសុខទុក្ខថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនីរបស់កម្ពុជា។
ជាពិសេសជំនួបអាហារសាមគ្គីនាពេលនេះ ក៏ជាឱកាសឱ្យថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនី ទទួលបាននូវអានុសាសន៍ថ្មីៗបន្ថែមទៀត ដើម្បីត្រៀឆ្ពោះទៅការប្រកួតស៊ីហ្គេមឱ្យទទួលបានជោគជ័យ៕