(ភ្នំពេញ)៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុង Dili ប្រទេសទីម័រខាងកើត បានបញ្ចប់ដោយជោគជ័យ និងសប្បាយរីករាយ ក្រោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីលោក Jose Ramos-Horta ប្រធានាធិបតីទីម័រខាងកើត ព្រមទាំងមន្ដ្រីជាន់ខ្ពស់ មន្ដ្រី UN ឯកអគ្គរាជ-រដ្ឋទូតបណ្ដាប្រទេសនៅទីម័រខាងកើត និងកីឡាករ-កីឡាការិនីចូលរួមសរុបជាង ៨០០នាក់ ។
ពិធីដង្ហែដ៏មានអត្ថន័យ ក្នុងការដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ដឹកនាំដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស នៃគណៈកម្មាធិការជាតិ CAMSOC អមដំណើរដោយលោកបណ្ឌិត សេង ប៊ុនសុង ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក អ៊ីវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសទីម័រខាងកើត ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហ្សាកាតា។
ជាថ្មីម្ដងទៀត លោក Jose Ramos-Horta បានបង្ហាញសេចក្ដីរីករាយក្រៃលែង ដែលប្រទេសកម្ពុជា បានរៀបចំពិធីដង្ហែព្រអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នៅប្រទេសរបស់ខ្លួន ហើយបានអញ្ជើញប្រទេសទីម័រខាងកើត ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ ទីម័រខាងកើត រីករាយនឹងសហការជាមួយសហគមន៍អន្ដរជាតិ តាមរយៈការចូលរួមព្រឹត្តិការណ៍អន្ដរជាតិនានា ពិសេសការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា ដែលទីម័របានត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួម។
ឆ្លៀតឱកាសនោះ ឯកឧត្តម ហោ សារុន បានថ្លែងអំណរគុណម្ចាស់ផ្ទះទីម័រខាងកើត ដែលបានសហការរៀបចំពិធីដង្ហែនេះឲ្យទទួលបានជោគជ័យ ពិសេសវត្តមាននៃការចូលរួមផ្ទាល់របស់លោកប្រធានាធិបតីទីម័រខាងកើតលោក Jose Ramos-Horta ដែលធ្វើឲ្យពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ កាន់តែពិសេស និងលើកកម្ពស់គុណតម្លៃ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា កាន់តែទូលំទូលាយថែមទៀត ទាំងក្នុងតំបន់ និងលើពិភពលោក៕
ខាងក្រោមនេះ គឺជាទិដ្ឋភាពដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់នៅទីក្រុង Dili នៅព្រឹកថ្ងៃអង្គារ៍នេះ៖