កិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម ជាមួយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី


ក្រោមការចង្អុលបង្ហាញ នៃចក្ខុវិស័យរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្នុងនាមជាអនុប្រធានប្រចាំការក្រុមការងារបច្ចេកទេសរៀបចំ “ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០៣០ ” បានដឹកនាំក្រុមការងារជួបសម្ដែងការគួរសម និងទទួលយកអនុសាសន៍ ក៏ដូចជាធាតុចូលគន្លឹះពី លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងថ្នាក់ដឹកនាំពាក់ព័ន្ធសំខាន់ៗរបស់ក្រសួងកិច្ចការនារី ដើម្បីជាមូលដ្ឋានគ្រឹះ សម្រាប់រៀបចំក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ជំហានទី២ ឱ្យបានគ្រប់ជ្រុងជ្រោយ និងពេញលេញ។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានមានប្រសាសន៍ថា ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ជាកក្តាដ៏សំខាន់ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងបរិយាបន្ន។​ ឈរលើមូលដ្ឋាននៃស្ថេរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងវឌ្ឍនភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នៅក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦ -២០២៥ ដោយបានជួយលើកស្ទួយសន្តិសុខប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ក្របដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបណ្ឌិតបានបន្តថា ដើម្បីធ្វើឱ្យប្រព័ន្ធគាំពារសង្គកម្ពុជាកាន់តែមានភាពរឹងមាំ និងប្រសើរឡើង ចាំបាច់ណាស់ក្នុងការធ្វើបច្ចុប្បន្នភាពលើក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមដែលមានស្រាប់ ដែលត្រូវបានរៀបចំក្រោមការដឹកនាំនិងសម្របសម្រួលដោយក្រុមប្រឹក្សាជាតិគាំពារសង្គម និងមានការពិគ្រោះយោបល់យ៉ាងទូលំទូលាយរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា។

លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី​ បានថ្លែងការកោតសរសើរខ្ពស់ចំពោះក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ​ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ជាប្រធាន ដោយកន្លងមកបានខិតខំប្រឹងប្រែយ៉ាងសកម្មធ្វើឱ្យប្រព័ន្ធគាំពារសង្គមកាន់តែមានការវិឌ្ឍទៅមុខជាបន្តបន្ទាប់ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ជាក់ស្តែងក្នុងអំឡុងពេលប្រយុទ្ធ និងជំងឺកូវីដ-១៩ មិនបានធ្វើឱ្យប្រព័ន្ធគាំពារសង្គមដើរថយក្រោយនោះទេ ប៉ុន្តែបានធ្វើឱ្យប្រព័ន្ធនេះកាន់តែអភិវឌ្ឍខ្លួនយ៉ាងលឿនមួយកំរិតទៀតដើម្បីគាំពារប្រជាពលរដ្ឋជៀសផុតពីការធ្លាក់ចូលក្នុងហានិភ័យផ្នែកហិរញ្ញវត្ថុដែលអាចធ្វើឱ្យកម្ពុជាកាន់តែមានភាពធន់ខ្លាំងជាមុនទោះជួបវិប្បនានាដែលពិភពលោក ក៏ដូចជាកម្ពុជាតែងតែជួបប្រទះក្តី ជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋានតែងតែអបអរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានឧបត្ថម្ភសាច់ប្រាក់ក្នុងអំឡុងពេលប្រយុទ្ធ និងកូវីដ-១៩ និង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធី និង របប​ ជាច្រើនទៀតនៃប្រព័ន្ធគាំពារសង្គម។

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីបន្តថា ក្រសួងកិច្ចការនារី នឹងបន្តសហការផ្ដល់ធាតុចូលចាំបាច់នានា ដើម្បីឱ្យក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ជំហានទី២ នេះ មានភាពគ្រប់ជ្រុងជ្រោយ និងពេញលេញ ពាក់ព័ន្ធនឹងកម្មវិធីជាតិជំនួយសង្គមនានា ដែលក្រសួងកំពុងអនុវត្ត ៕