គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ រៀបចំសន្និតបាតបូកសរុបការងារឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣ និងប្រកាសបេក្ខជនតំណាងរាស្ត្រ នីតិកាលទី៧


(ពោធិ៍សាត់)៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញបើកសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សខេត្ត និងប្រកាសបេក្ខជនតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មណ្ឌលពោធិ៍សាត់ ទាំងបេក្ខជនពេញសិទ្ធិ និងបេក្ខជនបម្រុង។

អង្គសន្និបាត ត្រូវបានធ្វើឡើងនៅស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធានក្រុមការងារ ចុះជួយមូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិក សមាជិកា ប្រមាណជិត១ពាន់នាក់។

បន្ទាប់ពីឯកឧត្តម ខូយ រីដា បានអានរបាយការណ៍សង្ខេប ឆ្នាំ២០២២ និងទិសដៅភារកិច្ច ឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ នោះរួចមក, លោក ម៉ៅ សាន អនុប្រធានគណបក្សខេត្ត ក៏បានអានសេចក្តីសម្រេច ស្តីពីការតែងតាំងបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលខេត្តពោធិ៍សាត់ រួមមាន៖

*បេក្ខជនពេញសិទ្ធិគឺទី១៖ ឯកឧត្តម ស៊ុយ សែម, ២៖ ឯកឧត្តម កែវ រតនៈ ទី៣៖ ឯកឧត្តម ទី ថានី និងទី៤៖ លោក កែវ វីរៈ។
*បេក្ខជនបម្រុងគឺទី១៖ ឯកឧត្តម រូហ្វី អូស្មាន, ទី២៖ ឯកឧត្តម សារី កោសល្យ, ទី៣៖ លោកជំទាវ ឯម ប៉ុណ្ណា និងទី៤៖ លោក ចេង ឡៃ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ស៊ុយ សែម ក៏បានដាក់ចេញនូវកិច្ចការសំខាន់ៗមួយចំនួន ដល់ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ដើម្បីបន្តពង្រឹងការជឿជាក់ និងការគាំទ្រ របស់ប្រជាពលរដ្ឋ មកលើគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២ ៣នាពេលខាងមុខ មានដូចជា៖

ទី១៖ ក្រុមការងារ ត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា ដោយពង្រាយដល់គ្រប់ភូមិ
ទី២៖ ត្រូវពង្រឹង ពង្រីកសមាជិកបក្ស អប់រំនយោបាយ និងសតិអារម្មណ៍, ត្រូវមានមន្ត្រីប្រចាំការ នៅតាមស្នាក់ការបក្ស និងត្រូវគិតគូររៀបចំស្លាកសញ្ញាគណបក្សឱ្យបានស្អាតសមរម្យ
ទី៣៖ ជំរុញសកម្មភាព ចលនាមហាជន យុវជន ស្ត្រី អាជីវករ អ្នករកស៊ីក្រៅប្រព័ន្ធ អាចារ្យ ព្រះសង្ឃ និងមន្ត្រីចូលនិវត្តន៍។ល។
ទី៤៖ មន្ត្រីបង្គោល មេភូមិ ក្រុមប្រឹក្សាឃុំ មន្ត្រីប៉ុស្តិ៍ លោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការ ត្រូវបម្រើប្រជាពលរដ្ឋឱ្យបានល្អ
ទី៥៖ គ្រប់គ្រងឱ្យបានល្អ សមាជិកបក្សចេញទៅក្រៅខេត្ត ក្រៅប្រទេស ធ្វើយ៉ាងណាសម្រួលឱ្យពួកគាត់បានមកចូលរួមបោះឆ្នោត
ទី៦៖ ពង្រឹងសាមគ្គីភាព ឯកភាព គ្នាទៅវិញទៅមក ទាំងក្នុងអង្គការចាត់តាំងបក្ស និងក្រុមការងារគ្រប់ជាន់ថ្នាក់
ទី៧៖ ខិតខំផ្សព្វផ្សាយនូវស្នាដៃ និងសមិទ្ធផលធំៗ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងាររបស់យើងផ្ទាល់ និងត្រូវវាយបក នូវរាល់ព័ត៌មានមិនពិត ដែលមានចេតនាវាយប្រហារមកលើគណបក្សរបស់យើង
ទី៨៖ អនុវត្តតាមប្រតិទិនរបស់ គ.ជ.ប ដែលបានកំណត់ ដើម្បីប្រគួតប្រជែង សម្រាប់ការបោះឆ្នោតនាពេលខាងមុខ
ទី៩៖ ភ្នាក់ងារគណបក្សនយោបាយ ជាតំណាងឱ្យគណបក្ស មានសិទ្ធិចូលការិយាល័យបោះឆ្នោត សង្កេតមើលសកម្មភាព និងដំណើរការ នៃការបោះឆ្នោត
ទី១០៖ ត្រៀមរៀបចំបើកយុទ្ធនាការឃោសនាបោះឆ្នោត ស្របតាមស្ថានភាពជាក់ស្តែង របស់ភូមិសាស្ត្រមូលដ្ឋាននីមួយៗ
និងទី១១៖ ត្រូវចងចាំថា យុទ្ធនាការឃោសនាបោះឆ្នោត គឺមានតែ ២១ថ្ងៃនោះទេ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដូច្នេះបេក្ខជនត្រូវធ្វើសកម្មភាពព្រមៗគ្នា នៅគ្រប់មូលដ្ឋាន៕