(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ ក្រសួងការពារជាតិកម្ពុជា បានប្រារព្ធពិធីបំពាក់ឋានន្តរស័ក្តិថ្នាក់ នាយឧត្តមសេនីយ៍ ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅទីស្តីការក្រសួងការពារជាតិ។
ពិធីបំពាក់ឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍» ជាផ្លូវការជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។
សូមជម្រាបថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យដំឡើងឋានន្តរស័ក្តិជា «នាយឧត្តមសេនីយ៍»។
ឯកឧត្តម ហ៊ុន ម៉ាណែត ជាជនជាតិកម្ពុជាដំបូងគេ ដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតយោធា West Point ដែលជាសាលាយោធាដ៏ល្បីរបស់ សហរដ្ឋអាមេរិក។ ឯកឧត្តមក៏បញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងសិក្សាបញ្ចប់ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសផងដែរ៕