កម្មវិធីមួយទៀត គឺបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ សម្រាប់សិស្សមន្ត្រីក្រមការជំនាន់ទី១០ កម្មសិក្សាការី មន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យម មន្ត្រីក្រមការ និងមន្ត្រីគ្រប់គ្រងរដ្ឋបាល ដែលមានចំនួនសរុបទាំងអស់ ៧២៩អង្គ/នាក់។ ក្នុងនោះមានព្រះសង្ឃ ៣០អង្គ មាននារី ១៦៩នាក់ និងជនពិការ ១០នាក់។
សាលាភូមិន្ទរដ្ឋបាល គឺជាគ្រឹះស្ថានអប់រំដ៏សំខាន់ក្នុងការបណ្តុះបណ្តាលមន្ត្រីរាជការ ដើម្បីពង្រឹងសមត្ថភាពការងារតាមក្រសួង ស្ថាប័នសាធារណៈឱ្យបានត្រឹមត្រូវទៅតាមក្រឹតក្រមច្បាប់របស់ជាតិ។ លោក ព្រំ សុខា បានឱ្យដឹងថា ចាប់តាំងពីការបើកឱ្យដំណើរការឡើងវិញរយៈពេល ៣០ឆ្នាំមកនេះ ពោល គឺចាប់ពីឆ្នាំ១៩៩២ មកដល់ឆ្នាំ២០២២ សាលាភូមិន្ទរដ្ឋបាលសម្រេចបាននូវការបណ្តុះបណ្តាលមន្ត្រីរាជការ និងមន្ត្រីសាធារណៈទាំងវគ្គសិក្សារយៈពេលវែង និងវគ្គសិក្សារយៈពេលខ្លី សរុបចំនួន ១៩,៣៤៤នាក់ (នារី ៤,៥៤៦នាក់ ស្មើ ២៤ភាគរយ)។ បណ្តុះបណ្តាលសិស្សមន្ត្រី ដែលបានប្រលងជាប់នៅគ្រប់កម្រិតសរុបចំនួន ១,៤០៣នាក់ (នារី ៣៣៨នាក់)។
ចាប់ពីឆ្នាំ២០១៦មក សាលាបានបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់មន្ត្រីថ្មី ដែលត្រូវបានជ្រើសរើសដោយក្រសួងស្ថាប័នតាមរយៈការប្រលងចូលក្នុងក្របខណ្ឌរដ្ឋ បានចំនួន៤.៨៣២នាក់ (នារី១.៨៧៤នាក់)។ ទន្ទឹមនោះ សាលា ក៏បានបើកវគ្គវិក្រឹតការដើម្បីបណ្តុះបណ្តាលបន្តដល់មន្រ្តីជាន់ខ្ពស់ មន្ត្រីមធ្យម មន្ត្រីក្រមការ និងមន្ត្រីគ្រប់គ្រងរដ្ឋបាលសរុបចំនួន ៧,២៣១នាក់ (នារី ១,០៩៣នាក់ ស្មើ ១៥ភាគរយ) ព្រមទាំងបានសហការជាមួយស្ថាប័នក្រសួង និងដៃគូមួយចំនួន បើកវគ្គរយៈពេលខ្លីដល់មន្រ្តីរាជការបានចំនួនសរុប ៥,៨៧៨នាក់ (នារី ១,២៤១នាក់ ស្មើ ២១ភាគរយ)។
លោក ព្រំ សុខា ក៏បានលើកឡើងផងដែរថា ជាទិសដៅបន្ត ដើម្បីរួមចំណែកឱ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាពក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សលើវិស័យសាធារណៈ សាលាភូមិន្ទរដ្ឋបាលនឹងពង្រឹងកិច្ចសហការល្អជាមួយក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រមូលផ្តុំយកចិត្តទុកដាក់បន្តបើកវគ្គបណ្តុះបណ្តាល ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការដោយខិតខំធានាឱ្យបាននូវគុណភាព គុណវុឌ្ឍិ គុណធម៌ ផ្អែកលើគោលការណ៍
គុណាធិបតេយ្យ។ សាលានឹងខិតខំកែទម្រង់ការដឹកនាំ គ្រប់គ្រង លើកកម្ពស់គុណភាព សមត្ថភាពនៃការអប់រំសិក្សា និងការស្រាវជ្រាវបម្រើឱ្យការរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ និងធ្វើទំនើបកម្មកម្មវិធីបណ្តុះបណ្តាលឱ្យស្របតាមការវិវត្តរីកចម្រើននៃយុគសម័យឌីជីថល ទាំងក្នុងក្របខណ្ឌតំបន់ និងលើឆាកអន្តរជាតិ ហើយក៏ដើម្បីឆ្លើយតប និងគាំទ្រគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥៕