កម្ពុជាប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៣ ក្រោមមូលបទ «ស្រ្តី និងកម្មសិទ្ធិបញ្ញ៖ពន្លឿនការបង្កើតថ្មី និងភាពច្នៃប្រតិដ្ឋ» លើកកម្ពស់ស្រ្តី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងការបង្កើតថ្មី


(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បាន​ប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៣ ក្រោមមូលបទ «ស្រ្តី និងកម្មសិទ្ធិបញ្ញ៖ពន្លឿនការបង្កើតថ្មី និងភាពច្នៃប្រតិដ្ឋ» ដើម្បីពង្រីកសក្តានុពលរបស់​ស្រ្តី តាមរយៈការប្រើប្រាស់ចំណេះដឹង គំនិតច្នៃប្រតិដ្ឋ និងជំនាញ ក្នុងការបង្កើតម៉ាក និងផលិតផល ​និងការអភិវឌ្ឍអាជីវកម្ម​។

ថ្លែងក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា បានថ្លែងថា គំនិតផ្តួចផ្តើមឱ្យមានការរៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោក ដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ពិតជាមានសារៈសំខាន់ណាស់ នៅក្នុងការជួយលើកកម្ពស់ការយល់ដឹងពីការប្រើប្រាស់ និងកិច្ចការពារកម្មសិទ្ធិបញ្ញា ដល់មហាជនគ្រប់ស្រទាប់ ​ជាឱកាសផ្សព្វផ្សាយពីវឌ្ឍនភាពនៃកិច្ចអភិវឌ្ឍកម្មសិទ្ធិបញ្ញារបស់​កម្ពុជា និង ​ពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍ ដើម្បីបន្តកសាងប្រព័ន្ធកម្មសិទ្ធិបញ្ញា របស់យើងឱ្យមានភាពរឹងមាំ និងធានាតុល្យភាព នៃកម្មសិទ្ធិបញ្ញារវាងម្ចាស់សិទ្ធិ និងការផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នាក្នុងសង្គម។

ឯកឧត្តមមានប្រសាសន៍ថា ការចូលរួមរបស់ស្រ្តីក្នុងការបង្កើតថ្មី នៅតែមានកម្រិតនៅឡើយ ជាក់ស្តែងនៅឆ្នាំ២០២០ ភាគរយស្រី្តនៅលើ​ពិភពលោក ដែលបានដាក់ពាក្យចុះបញ្ជីការពារតក្កកម្មតាមប្រព័ន្ធចុះបញ្ជីប្រកាសនីយបត្រតក្កកម្មអន្តរជាតិ មានតែចំនួន១៦,៥%ប៉ុណ្ណោះដែលឆ្លុះបញ្ចាំងឱ្យឃើញពីគម្លាតរវាងស្រ្តី និងបុរសនៅក្នុងជ្រុងមួយនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញា។

ជាមួយគ្នានេះផងដែរ ​ឯកឧត្តម ប៉ាន សូរស័ក្តិ បានបង្ហាញពីគម្រោងដែលក្រសួងពាណិជ្ជកម្មកំពុងអនុវត្ត និងរួមចំណែកជំរុញសហគ្រិនស្ត្រី ដូចជា កម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម ហៅកាត់ថា EIF កំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា (Go4eCAM) ដោយបង្កើតផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈគេហទំព័រ CambodiaTrade.Com , ការអនុវត្តគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក អនុវត្តដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសហការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងអង្គភាពកម្មសិទ្ធិបញ្ញាដទៃទៀត ដោយផ្តល់ការបណ្តុះបណ្តាល ដល់សហគ្រិនស្រ្តីឱ្យប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីពង្រឹងនិងពង្រីកអាជីវកម្ម។

ឯកឧត្តមលើកឡើងបន្តថា «ភាគលាភនៃកត្តាប្រជាសាស្ត្រនេះ បង្ហាញឱ្យឃើញពីសក្តានុពលរបស់ស្ត្រី ដែលចាំបាច់ត្រូវការយកចិត្តទុកដាក់ ពីសង្គមទាំងមូលនៅក្នុងការបង្កលក្ខណៈងាយស្រួល និងផ្ដល់ការគាំទ្រដើម្បីអាចឱ្យស្រ្តីទទួលបានការអប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ព្រមទាំងកាលានុវត្តភាពនៅក្នុងការអភិវឌ្ឍគំនិត ទៅបង្កើតជាទ្រព្យកម្មសិទ្ធិបញ្ញា តាមរយៈការកែច្នៃផលិតផលក្នុងស្រុក ការបង្កើតផលិតផលបច្ចេកវិទ្យា ការបង្កើតអាជីវកម្ម ការកសាងកេរ្តិ៍ឈ្មោះម៉ាក និងការបង្កើតស្នាដៃនៅក្នុងឧស្សាហកម្មច្នៃប្រតិដ្ឋ មានដូចជា ការច្នៃរចនាម៉ូត ផ្នែកសិល្បៈ តន្ត្រីផ្នែកនិពន្ធ និង Software ដើម្បីរួមចំណែកពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា និងគាំទ្រដល់ការធ្វើពិពិធកម្មទំនិញនាំចេញ ក៏ដូចជាបង្កើនផលិតផលក្នុងស្រុកឱ្យកាន់តែសម្បូរបែប។

​សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៣ សម្តេចតេជោ មានប្រសាសន៍ថា មូលបទនៃទិវាកម្មសិទ្ធិបញ្ញាពិភពលោក សម្រាប់ឆ្នាំ២០២៣នេះ មិនត្រឹមតែបានបំផុសស្មារតីឱ្យយើងទាំងអស់គ្នាចូលរួមពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញានៅ​កម្ពុជា ដើម្បីធានាចីរភាពនៃការអភិវឌ្ឍ តាមរយៈការជំរុញលើកទឹកចិត្ត ក្នុងការកសាងកេរ្តិ៍ឈ្មោះម៉ាក ការស្រាវជ្រាវ និងអភិវឌ្ឍផលិតផល ប៉ុណ្ណោះទេ ប៉ុន្តែមូលបទខាងលើមានសារៈសំខាន់ ក្នុងការលើកស្ទួយស្ដីឱ្យចូលរួមប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីពង្រីកសក្តានុពលរបស់ខ្លួន តាមរយៈការប្រើប្រាស់ចំណេះដឹង គំនិតច្នៃប្រតិដ្ឋ និងជំនាញ ក្នុងការបង្កើតម៉ាក និងផលិតផល ស្នាដៃសិទ្ធិអ្នកនិពន្ធ និងការអភិវឌ្ឍអាជីវកម្ម ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ឱ្យកាន់តែរីកចម្រើនប្រកបដោយបរិយាបន្ន និងមាននិរន្តរភាព ដែលនាំមកនូវវិបុលភាពជូនជនរួមជាតិទាំងមូល។

សម្តេចតេជោមានប្រសាសន៍បន្តថា ដោយផ្អែកលើកត្តាប្រជាសាស្ត្រប្រទេសកម្ពុជាមានស្តីចំនួន ៥១,៥ ភាគរយ នៃចំនួនប្រជាជនសរុប ហើយលទ្ធផលបឋមនៃជំរឿនអង្គភាពសេដ្ឋកិច្ចបង្ហាញថា ស្រ្តីចំនួន៦១,៧ ភាគរយ ស្មើនឹង ១ ៨៤១ ៣៧៣នាក់ បានចូលរួមការងារក្នុងអង្គភាពសេដ្ឋកិច្ច ជាពិសេស ស្ត្រីប្រមាណជា ៦១ ភាគរយ ជាម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម។ ប្រការនេះបង្ហាញថាការចូលរួមរបស់ស្ត្រីជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់ខ្លាំងក្លា ស្របនឹងពាក្យស្លោករបស់រាជរដ្ឋាភិបាលកម្ពុជាដែលចាត់ទុក ស្ត្រីជាដៃគូអភិវឌ្ឍជាតិមិនអាចខ្វះបាន និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច-សង្គមជាតិ​៕