នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសចុះចេញពីតំណែងប្រធានសហព័ន្ធបាល់ទាត់ បើU22 របស់កម្ពុជាមិនឆ្លងវគ្គចែកពូល


(ភ្នំពេញ)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសចុះចេញពីតំណែងប្រធានសហព័ន្ធបាល់ទាត់ បើក្រុមជម្រើសជាតិអាយុក្រោម២២ (U22) របស់កម្ពុជា មិនអាចឆ្លងវគ្គចែកពូលក្នុងការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមទេនោះ។

ពីរប្រកួតដំបូង កម្ពុជា ឈ្នះមួយប្រកួត ស្មើមួយប្រកួត មាន ៤ពិន្ទុក្នុងដៃ បន្តឈរកំពូលតារាងក្នុងពូលអេ។ ទោះយ៉ាងណាកម្ពុជា ត្រូវការឈ្នះ ក្នុងជំនួបជាមួយ មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ដើម្បីធានាអាចឆ្លងផុតវគ្គចែកពូល ឬឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយ។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា បន្ទាប់ពីប្រទេសកម្ពុជាសម្រេចចិត្តរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឯកឧត្តមបានប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងប្រើពេលជាង១០ឆ្នាំ ដើម្បីលើកកិត្តិយសជាតិខ្មែរតាមរយៈវិស័យកីឡាបាល់ទាត់។

«បើការប្រកួតក្នុងគ្រុប ចែកពូលវិញ្ញាសាកីឡាបាល់ទាត់បុរសអាយុក្រោម២២ ឆ្នាំមិនអាចឆ្លងផុត ដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់នោះទេ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់តំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ( FFC ) សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម»។ នេះជាការបញ្ជាក់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា។

ឯកឧត្តមបន្តថា បើមានករណីនោះកើតឡើង លោកនឹងស្នើសុំគណៈកម្មាធិការប្រតិបត្តិសហពន្ធ័កីឡាបាល់ទាត់កម្ពុជា និងអគ្គលេខាធិការដ្ឋានរៀបចំបើកធ្វើមហាសន្និបាត បោះឆ្នោតជ្រើសរើសប្រធានសហពន្ធ័កីឡាបាល់ទាត់ថ្មី ដើម្បីបន្តដឹកនាំសហពន្ធ័កីឡាបាល់ទាត់កម្ពុជា។

ឯកឧត្តម សៅ សុខា បានសូមប្រិយមិត្តអ្នកស្រឡាញ់កីឡាបាល់ទាត់មេត្តាអភ័យទោស ដែលរូបលោកអសមត្ថភាពមិនអាចដឹកនាំវិស័យកីឡាមួយនេះទទួលបានជោគជ័យជូនជាតិ។

ដើម្បីអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជា ក្នុងនាមជាប្រធានសហព័ន្ធបាល់ទាត់នៅកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានប្រឹងប្រែងណាស់។

ក្នុងនោះឯកឧត្តម បានបង្កើតសាលាបាល់ទាត់ជាតិបាទី ដោយរើសយកក្មេងស្នេហាវិស័យបាល់ទាត់យកទៅហ្វឹកហ្វឺនសមត្ថភាពនៅទីនោះ ហើយបង្កើតបានកីឡាករបាល់ទាត់ជាច្រើន។ ជាក់ស្តែងក្រុមជម្រើសជាតិអាយុក្រោម២២នាពេលនេះ ភាគច្រើនបានបណ្តុះបណ្តាលចេញពីសាលាជាតិនេះ។

ពីរប្រកួតកន្លងទៅនេះ គេបានមើលឃើញពីសមត្ថភាពរបស់ជម្រើសជាតិកម្ពុជា មានភាពប្រសើរច្រើនបើធៀបនឹងពេលមុនៗ។ ពីរប្រកួតក្នុងដំណើរដ៏ល្អ គឺឈ្នះមួយប្រកួត និងស្មើមួយប្រកួត។ នេះជាការវិវឌ្ឍន៍ដ៏ល្អមួយនៃក្រុមជម្រើសជាតិផ្នែកបាល់ទាត់របស់កម្ពុជា។

សូមបញ្ជាក់ថា ក្នុងប្រវត្តិនៃការប្រកួតស៊ីហ្គេមនេះ ក្រុមជម្រើសជាតិអាយុក្រោម២២ របស់កម្ពុជា ធ្លាប់បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬវគ្គ៤ក្រុម ក្នុងឆ្នា២០១៩ ពេលហ្វីលីពិន ធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេម៕