រដ្ឋបាលខេត្តកំពង់ធំក្រុងពាលីត្រៀមរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលគ្រោងប្រារព្ធក្រោមព្រះរាជាធិបតីព្រះមហាក្សត្រ នាថ្ងៃ៨ ខែឧសភា


(កំពង់ធំ)៖ ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ២០២៣នេះ គ្រោងប្រារព្ធឡើងនាថ្ងៃទី៨ ខែឧសភាខាងមុខ នៅពហុកីឡដ្ឋានខេត្តកំពង់ធំ ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមព្រះរាជាអធិបតីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

ឯកឧត្តម ងួន រតនៈ អភិបាខេត្តកំពង់ធំ និងលោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ រួមទាំងក្រុមការងារបានរៀបចំពិធីក្រុងពាលី នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ សម្រាប់ត្រៀមប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លនាថ្ងៃទី៨ ខែឧសភាខាងមុខនោះ។

គួរជម្រាបថា ព្រះរាជពិធីច្រត់ព្រះនង្គ័លបានចាក់ឫសយ៉ាងជ្រៅក្នុងទំនៀមទម្លាប់ខ្មែរ បើតាមប្រវត្តិសាស្ត្រ និងចម្លាក់នានា បើទោះបីជាមិនមានឯកសារណាបញ្ជាក់ច្បាស់ពីប្រវត្តិនៃព្រះរាជពិធីច្រត់ព្រះនង្គ័លនេះក្តី ក៏ប្រភពមួយចំនួនបង្ហាញថា ព្រះរាជពិធីនេះមានលក្ខណៈព្រហ្មញ្ញសាសនាផង និងពុទ្ធសាសនាផង។

ប្រជាកសិករនៅទូទាំងប្រទេសកម្ពុជាចាត់ទុកព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាការពញ្ញាក់សា្មរតីឱ្យពួកគាត់ត្រៀមស្រូវពូជ និងគ្រាប់ពូជដំណាំផ្សេងៗ គោក្របី រទេះ ឧបករណ៍សម្រាប់ធ្វើកសិកម្ម កម្លាំងពលកម្មប្រើប្រាស់ក្នុងការធ្វើស្រែចម្ការ ព្រោះថាវស្សានរដូវចូលមកដល់ហើយ៕