ឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត កោតសរសើរ កងយោធពលខេមរភូមិន្ទ ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួន ដោយសម្រេចបាននូវសមិទ្ធផលយ៉ាងល្អប្រសើរ


(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងខែមេសា និងលើកទិសដៅបន្តសម្រាប់ខែឧសភា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ បានកោតសរសើរ កងយោធពលខេមរភូមិន្ទ ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួន ដោយសម្រេចបាននូវសមិទ្ធផលយ៉ាងល្អប្រសើរ។

កិច្ចប្រជុំនេះបានធ្វើឡើង នៅទីស្ដីការក្រសួងការពារជាតិ ក្រោមអធិបតីភាព ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងថ្នាក់ដឹកនាំអង្គភាពក្រោមចំណុះផងដែរ។

នៅក្នុងអង្គប្រជុំ ឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត បានវាយតម្លៃខ្ពស់ចំពោះ លទ្ធផលនៃការអនុវត្តការងាររបស់ក្រសួងការពារជាតិ ក្នុងខែមេសាកន្លងទៅនេះ ដែលកងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួន ដោយសម្រេចបាននូវសមិទ្ធផលយ៉ាងល្អប្រសើរ។

បើតាម ឯកឧត្តមនាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងខែមេសា កន្លងទៅនេះ កងយោធពលខេមរភូមិន្ទ បានបន្តពង្រឹងកិច្ចការការពារជាតិ លើគ្រប់វិស័យនៅតាមតំបន់ព្រំដែនគោក ដែនសមុទ្រ ធ្វើល្បាតជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន និងចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន ព្រមទាំងបានបន្តកិច្ចសហប្រតិបត្តិការល្អដោះស្រាយបញ្ហាផ្សេងៗ ដែលកើតឡើងដោយសន្តិវិធី។

កងយោធពលខេមរភូមិន្ទ បានបន្តម្ចាស់ការ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ធ្វើការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាព បទល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យផ្សេងៗ និងអនុវត្តបទបញ្ហាបង្ក្រាបសកម្មភាពនេសាទខុសច្បាប់ ការបំផ្លិចបំផ្លាញធនធានធម្មជាតិ ការកាប់ទន្ទ្រានកាន់កាប់ដីខុសច្បាប់ និងបទល្មើសផ្សេងៗ។ ជាក់ស្តែងករណីបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមកើត ឡើងចំនួន៣២៥លើក កងយោធពលខេមរភូមិន្ទម្ចាស់ការបង្ក្រាបបានចំនួន១៨៥លើក។

កងយោធពលខេមរភូមិន្ទ បានសហការជាមួយស្ថាប័នពាក់ព័ន្ធត្រៀមគ្រប់លក្ខណៈសម្បត្តិរួចរាល់ដើម្បី ចូលរួមការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់ក្នុងឱកាសព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ផងដែរ។

ក្នុងការធ្វើសមយុទ្ធនាគមាស២០២៣ រវាងកងយោធពលខេមរភូមិន្ទជាមួយកងទ័ពរំដោះប្រជាជនចិន ដោយបានបញ្ចប់ប្រកបដោយជោគជ័យតាមការគ្រោងទុក ទទួលបានលទ្ធផលល្អ និងបទពិសោធន៍ថ្មីៗ។

កងយោធពលខេមរភូមិន្ត បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ ចំណុះអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត បានកត់សម្គាល់បន្ថែមអំពីព្រឹត្តិការណ៍មួយចំនួនទៀត ដែលនឹងកើតឡើងនាពេលខាងមុខ ក្នុងនោះក៏មានព្រឹត្តិការណ៍ដែលកងទ័ពត្រូវបន្តការពារ និងយកចិត្តទុកដាក់ក្នុងនោះមានដូចជា៖

* ខែឧសភា ឆ្នាំ២០២៣ នឹងមានការរៀបចំទិវាអបអរសាទរលើកទី៤៥ ថ្ងៃបង្កើតវរសេនាតូចលេខ១២៥ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា

* ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ជាខួប៤៦ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលចាប់ផ្តើមពីតំបន់ X16 ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ថ្ងៃទី២០មិថុនា ១៩៧៧- ថ្ងៃទី២០មិថុនា ឆ្នាំ២០២៣)

* ខែកក្កដា ចូលរួមការពារការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ជាដើម៕