សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារលិខិតចូលរួមអបអរ និងជូនពរ ឯ្ឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងឱកាសចម្រើនជន្មាយុ ៣ឧសភា


(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា និងភរិយា បានផ្ញើសារលិខិតចូលរួមអបអរសាទរ និងជូនពរដល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសចម្រើនជន្មាយុ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣។

ក្នុងសារលិខិតនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកឡើងដូច្នេះថា៖ «ខ្ញុំ និងភរិយា សូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ ចូលរួមអបអរសាទរដោយសេចក្ដី ស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ ក្នុងឱកាសចម្រើនជន្មាយុប្រកបដោយពរជ័យសិរីមង្គលមហាប្រសើររបស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ដែល

ចូលមកដល់នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នេះ សូមទទួល បាននូវបញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីបន្តគាំទ្រដល់ការដឹកនាំ របស់រាជរដ្ឋាភិបាលឱ្យសម្រេចបានជោគជ័យបន្ថែមទៀត។

ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក្នុងការដឹកនាំក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិទទួលបានលទ្ធផលដ៏ត្រចះត្រចង់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដឹកនាំគោលនយោបាយការបរទេស ដើម្បីការពារឯករាជ្យភាព បូរណភាព អធិបតេយ្យភាព នាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ បម្រើជាតិ និងប្រជាជនតាមរយៈការដឹកនាំការងារ ទំនាក់ទំនងការទូត សហប្រតិបត្តិការអន្តរជាតិ និងលើកកម្ពស់តួនាទីកម្ពុជាលើឆាកអន្តរជាតិឱ្យទទួលបាននូវ កិត្យានុភាពទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។

ខ្ញុំ និងភរិយា សូមយកឱកាសដ៏សិរីមង្គលនេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ»៕