អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំពីការកៀរគររកមូលនិធិដើម្បីអបអរសាទរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍនចន្ទក្រហម៨ ឧសភា ២០២៣


(បាត់ដំបង)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ការកៀរគររកមូលនិធិ ដើម្បីអបអរសាទរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍនចន្ទក្រហម៨ ឧសភា ២០២៣ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម សុខ លូបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមការងារទាំងអស់ ដើម្បីសម្រេចបានជោគជ័យដូចការរំពឹងទុក។

ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមបានស្នើដល់មន្ទីរ អង្គភាព អនុសាខាក្រុង-ស្រុកទាំងអស់ និងមន្ត្រីប្រតិបត្តិសាខា ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការចូលរួមដោះស្រាយនូវបញ្ហាប្រឈមនានា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅក្នុងភូមិសាស្ត្ររបស់ខេត្ត ហើយចូលរួមអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនគិតពីពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។

ឯកឧត្តម សុខ លូ បានជម្រាបជូនថាដើម្បីឆ្ពោះទៅការកៀរគរកមូលនិធិសម្រាប់ទិវា៨ ឧសភា ២០២៣ ឱ្យទទួលបានជោគជ័យ សាខាខេត្តបាត់ដំបង សង្ឃឹមជឿជាក់ថាសប្បុរសជននឹងចូលរួមឧបត្ថម្ភគាំទ្រជាថវិកា សម្ភារៈ ដើម្បីសាខាសម្រេចបានចក្ខុវិស័យ និងបេសកកម្មរបស់កាកបាទក្រហមកម្ពុជា ក្នុងការកៀរគរកម្លាំងមនុស្សធម៌ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមរយៈវិស័យស្នូលទាំង៤ ហើយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

ឯកឧត្តមអភិបាលខេត្តបានអំពាវនាវសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ដើម្បីសមាគមជាតិមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ឬវេរចូលគណនីធនាគាររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង
(ប្រាក់រៀល) និង#CambodianRedCrossBattambangBranch (ប្រាក់ដុល្លារ) មានដូចខាងក្រោម៖

ធនាគារកាណាឌីយ៉ា (CANADIA) (ដុល្លារ) 040000597874 (ប្រាក់រៀល 0040000597882, ធនាគារអេស៊ីលីដា (ACLEDA)(ដុល្លា)03000354153828 (ប្រាក់រៀល) 03000354153838, ធនាគារអេប៊ីអេ (ABA) (ដុល្លារ) 003585971 (ប្រាក់រៀល) 003585989

សម្រាប់ព័ត៌មានបន្ថែមសូមទូរស័ព្ទតាមរយៈលោក សួស សុភ័ក្រ្ត៖ 076 33 36 017, លោក កង ប៊ន៖ 092 81 53 73 និងលោក កុសុម សុភីនារ៉ា៖ 061 81 81 16៕