ក្មេងកំព្រាតាមមូលដ្ឋានចំនួន១២៥នាក់ បានទទួលថវិកាឧបត្ថម្ភ ពីឯកឧត្តមវេជ្ជ.សុះ មុះសិន និងលោកជំទាវ


ថ្ងៃទី០៤ ខែឧសភាឆ្នាំ២០២៣ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន អនុប្រធានគណ:ចលនាសាសនិកឥស្លាម និងជាសមាជិកគណ:ចលនាយុវជន នៃចលនាមហាជនរបស់គណបក្សប្រជាជនកម្ពុជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រធានសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្ដល់ប្រាក់ឧបត្ថម្ភ ដល់កុមារកំព្រា ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៣សរុបចំនួន ១២៥នាក់ មកពី ១៣ រាជធានីខេត្ត ក្រោមគម្រោងឧបត្ថម្ភរបស់អង្គការ Hasene នៅប្រទេសអាល្លឺម៉ង់ ផ្ដល់តាមរយៈសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជ. ពាស់ មុស្លឹម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល ឯកឧត្តម សុះ ហ្វាសុី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា អាជ្ញាធរមូលដ្ឋាន ផងដែរ ។

ឯកឧត្តមបានមានប្រសាសន៍ក្នុងពិធីនោះដែរ អង្គការ Hasene នៃប្រទេសអាល្លឺម៉ង់ បានសហការជាមួយ សមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា គឺមានចក្ចុវិស័យក្នុងការអភិវឌ្ឍធនធានមនុស្ស និងចូលរួមកាត់បន្ថយភាពក្រីក្រនៅតាមសហគមន៍ រួមចំណែកលើកកម្ពស់សុខដុមជីវិតបុគ្គលគ្រួសារ និងសង្គមតាមរយៈការផ្ដល់ប្រាក់ចិញ្ចឹមតាម តាមផ្ទះសម្រាប់កុមារដើម្បីទទួលបានការសិក្សារ និងរស់នៅសមរម្យដើម្បីបានក្លាយខ្លួនជាទំពាំងស្នងឬស្សី សម្រាប់សហគមន៍ និងសង្គមជាតិក្នុងគោលបំណងជួយគាំពារកុមារដែលបានបាត់បង់ជំហរគ្រួសារ និងប្រភព ចំណូលគ្រួសារធ្វើឲ្យងារយរងគ្រោះ និងខ្វះភាពកក់ក្ដៅក្នុងគ្រួសារខ្វះលទ្ធភាពសិក្សារ និងអាហារូបត្ថម្ភជាដើម ។

អំណោយដែលបានផ្តល់ជូន រួមមាន ៖
-កុមារដែលមកទទួលថវិការមានចំនួន ១២៥នាក់ ដោយក្នុង ១នាក់ ទទួលបានថវិកាចំនួន ៨៤អឺរ៉ូ សរុបជាទឹកប្រាក់ ១០,៥០០អឺរ៉ូ ស្មើនឹង ១១,០៧៥ដុល្លាអាមេរិក៕