គណៈប្រតិភូកម្ពុជា-វៀតណាម ចុះត្រួតពិនិត្យទីតាំងបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ


នៅថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងគណៈប្រតិភូនៃប្រទេសវៀតណាម បានចុះត្រួតពិនិត្យទីតាំងបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី ។

ក្រោយពីចុះពិនិត្យដោយផ្ទាល់ គណៈប្រតិភូកម្ពុជា-វៀតណាម បានបន្តបើកកិច្ចប្រជុំក្រុមការងារចម្រុះថ្នាក់ជាតិកម្ពុជា-វៀតណាម លើកទី១ ស្ដីពីការសិក្សា និង ដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និង ព្រែកជ្រៃធំ ក្នុងខេត្តកណ្តាល ប្រទេសកម្ពុជា និងព្រែកប៊ិញយី ខេត្តអាងយ៉ាង ប្រទេសវៀតណាម ។

សូមបញ្ជាក់ថា តំបន់ទន្លេបាសាក់-ទន្លេហ៊ូវ និង ព្រែកជ្រៃធំ-ព្រែកប៊ិញយី នេះ តែងតែកើតមានការបាក់ច្រាំងទន្លេ និង ស្ទឹង ជាញឹកញាប់ ដែលធ្វើឱ្យបន្ទាត់ព្រំដែននៅតំបន់នោះមានការប្រែប្រួល ជាញឹកញាប់ ដែលទាមទារឱ្យមន្ត្រីប្រទេសទាំងសង់ខាង តែងតែយកចិត្តទុកដាក់ ព្រោះខ្លាចបាត់ទ្រង់ទ្រាយដើម នៃបន្ទាត់ព្រំដែន៕ ដោយ ណយ នឿន (ប្រភព៖រដ្ឋបាល ខេត្តកណ្តាល)