លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានទទួលឯកឧត្តម ចែ អ៊ីលប្យុន (Jae-il Byun) ប្រធានក្រុមប្រឹក្សាសភាទឹកអាស៊ី Asia National Assembly Water Consultative (AAWC) ចូលជួបសម្តែងការគួរសម ក្នុងឱកាសដឹកនាំគណៈប្រតិភូ អញ្ជើញមកចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលទឹកនៃសភាអាស៊ីលើកទី៥ នៅកម្ពុជា ពីថ្ងៃទី២៣-២៥ ខែឧសភា ឆ្នាំ២០២៣។
លោកជំទាវបានគូសបញ្ជាក់ថា នៅក្នុងដំណាក់កាលនៃបម្រែបម្រួលអាកាសធាតុ និងការប្រែប្រួលសណ្តាប់ធ្នាប់ពិភពលោក សន្តិសុខស្បៀង គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធានាបាននូវការបម្រើជូនប្រជាជនក្នុងពេលដែលមានវិបត្តិសង្គ្រាមកើតឡើង។ ហេតុដូចនេះ សន្តិសុខទឹក ពិតជាមានភាពពាក់ព័ន្ធទៅនឹងវិស័យជាច្រើនដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ការគ្រប់គ្រង និងត្រួតពិនិត្យលើបរិមាណនិងគុណភាពទឹកទាមទារនូវការយល់ដឹងអំពីវិទ្យាសាស្រ្ត បរិស្ថាន សង្គម និងតម្រូវការរបស់មនុស្ស ជាពិសេស ការវិនិយោគលើការកសាងធនធានមនុស្ស បច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធទឹក។
តាងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងខ្លួនលោកជំទាវផ្ទាល់ លោកជំទាវកិត្តិសង្គហបណ្ឌិត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងសូមកោតសរសើរយ៉ាងក្រៃលែង ចំពោះឯកឧត្តម ប្រធាន AAWC និងគណៈប្រតិភូដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំ និងបានអញ្ជើញមកចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលទឹកនៃសភាអាស៊ីលើកទី ៥ នៅព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវបានមានប្រសាសន៍ថា កិច្ចប្រជុំ AAWC លើកទី៥ ធ្វើឡើងស្របពេលដែលកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទើបតែបញ្ចប់ប្រកបដោយមោទនភាពជាតិ និងជោគជ័យយ៉ាងធំធេងជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដោយបានឆ្លុះបញ្ចាំងនូវប្រវត្តិសវតារបស់ព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណកាលរហូតមកទល់សម័យទំនើបបច្ចុប្បន្នដល់ជនរួមជាតិកម្ពុជាគ្រប់ស្រទាប់វណ្ណៈ និងទូទាំងពិភពលោក។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ប្រធាន AAWC និងភរិយារបស់គាត់ ដែលបានបង្កើតស្ថាប័នអប់រំ និងវេជ្ជសាស្ត្រសម្រាប់ការអប់រំ និងពេទ្យស្ម័គ្រចិត្ត រួមមាន “អ្នកស្ម័គ្រចិត្តសម្រាប់សេវាអប់រំនៅអាស៊ី” (VESA) សម្រាប់ការងារស្ម័គ្រចិត្តផ្នែកអប់រំនៅកម្ពុជា និងសម្រាប់ការពង្រឹងសមត្ថភាពជាតិ។ តាមរយៈគំនិតផ្តួចផ្តើមនេះ សាលា Ewha Srang ត្រូវបានបង្កើតឡើង ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់សិស្សសាលា Ewha Srang តាមរយៈជំនួយ AAWC-AWC និងមណ្ឌលសុខភាពសហគមន៍ (Ewha Srang Health Clinic) នៅខេត្តកំពង់ស្ពឺ។ លោកជំទាវបានគូសបញ្ជាក់ថា ការបរិច្ចាគដ៏សប្បុរសនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍សហគមន៍ ។
លោកជំទាវបានធ្វើការវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សភាកម្ពុជា AAWC រួមសហការជាមួយនឹងស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាក្នុងការរិះរកវិធីសាស្រ្ត បច្ចេកទេស ដោះស្រាយបញ្ហាទឹក ដែលបាននឹងកំពុងអនុវត្តក្នុងខេត្តកំពង់ស្ពឺ និងគម្រោងពង្រឹកបន្ថែមទៀតទៅខេត្តកំពង់ធំ រួមមានការផ្គត់ផ្គង់ទឹកទៅទីកន្លែងដែលខ្សត់ខ្សោយទឹក ការធ្វើទំនើបកម្មនិងសុខុមាលភាពទឹក គ្រប់គ្រងទឹកស្អាត និងការអប់រំប្រជាជនអោយយល់ដឹងបន្ថែមចំណេះដឹងពាក់ព័ន្ធនឹងទឹក។
ក្នុងឱកាសនេះឯកឧត្តម ចែ អ៊ីលប្យុន បានថ្លែងអំណរគុណ ចំពោះលោកជំទាវកិត្តិសង្គហបណ្ឌិត អនុប្រធានទី២ នៃរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទទួលជួបគណៈប្រតិភូនាពេលនេះ។ ឯកឧត្តមប្រធានប្រតិភូក៏បានថ្លែងនូវការកោតសរសើរ និងសូមអរគុណចំពោះការគាំទ្ររបស់រដ្ឋសភាកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំ AAWC លើកទី ៥ នៅរាជធានីភ្នំពេញនាពេលនេះ។
ឯកឧត្តមបានកត់សម្គាល់ថា ដោយសារតែបញ្ហាប្រែប្រួលអាកាសធាតុ ប្រទេសជាច្រើនក្នុងតំបន់អាស៊ានជួបប្រទះបញ្ហាទឹកទាំងនូវរដូវប្រាំង និងរដូវវស្សារ នោះគឺគ្រោះទឹកជំនន់ និងកង្វះទឹកប្រើប្រាស់នូវរដូវរាំងស្ងួត។ ឯកឧត្តមបានលើកឡើងថា វេទិកា AAWC លើកទី៥ នឹងប្រមូលផ្តុំនូវថ្នាក់ដឹកនាំ អ្នកធ្វើគោលនយោបាយ អ្នកជំនាញបច្ចេកទេស មកពីស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការពិភាក្សា និងរកដំណោះស្រាយផ្សេងៗលើបញ្ហាទឹក រួមមានការគ្រប់គ្រងធនធាន បរិមាណ និងគុណភាពទឹក។
លោកជំទាវបានសម្តែងក្តីរីករាយ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានកំណើនល្អប្រសើរជាបន្តបន្ទាប់។ បន្ថែមទៀត រដ្ឋសភាសូមលើកទឹកចិត្ត ដល់គ្រប់ភាគីពាក់ព័ន្ធ ពិនិត្យសក្តានុពលឱ្យអស់លទ្ធភាព ក្នុងការបង្កើនការរិះរកដំណោះស្រាយ ផ្លាស់ប្តូរបទពិសោធ ជំនាញ ចំណេះដឹង ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីនាំមកនូវកំណើនសេដ្ឋកិច្ចរួម និងវិបុលភាពសម្រាប់ប្រជាជនទាំងពីរ។