សម្តេចតេជោ ហ៊ុន សែន៖ នយោបាយឈ្នះឈ្នះ មិនត្រឹមបញ្ចប់សង្គ្រាម និងការបង្រួបបង្រួមជាតិប៉ុណ្ណោះទេ តែក៏បានជួយឱ្យរបាំសួយរក្សាវត្តមាន បានមកដល់ពេលបច្ចុប្បន្ន


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នយោបាយឈ្នះឈ្នះ មិនត្រឹមបញ្ចប់សង្គ្រាម និងការបង្រួបបង្រួមទឹកដី និងការឯកភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែ ក៏បានជួយឱ្យរបាំសួយរក្សាវត្តមាន បានមកដល់ពេលបច្ចុប្បន្ននេះផងដែរ។

ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធទីតាំងថ្មី សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រមទាំងចែកសញ្ញាបត្រដល់និស្សិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ហើយខ្ញុំគួរតែបញ្ជាក់របាំសួយ ប្រសិនបើយើងធ្វើមិនទាន់ពេលក្នុងការធ្វើសមាហរណកម្មប្រទេស នៅឆ្នាំ១៩៩៨ របាំសួយអាចដាច់ពូជតែម្តង អត់មានយកមកលើឆាកនេះទេ។ អ៊ឹចឹងទេកាលដែលអនុវត្តនយោបាយឈ្នះឈ្នះ នាំមកការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីបានផ្តល់ឱកាសគ្រប់ផ្នែករាប់ទាំងវិស័យសិល្បៈដែលក្នុងនោះមានរបាំសួយ ដែលនៅក្នុងចន្លោះរវាងខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង របាំសួយអាចនឹងដាច់ពូជបើជាមិនមានការអនុវត្តនយោបាយឈ្នះឈ្នះ បញ្ចប់សង្គ្រាមនាំមកនូវសន្តិភាព ការបង្រួបបង្រួមជាតិ និងឯកភាពទឹកដី …!»

សម្តេចតេជោ ហ៊ុន សែន ក៏គូសបញ្ជាក់ថា ដោយសារតែកម្ពុជា បានបញ្ចប់សង្គ្រាមស៉ីវិលទទួលបានការឯកភាពទឹកដីពេញលេញនេះហើយបានជាអ្នកជំនាញផ្នែកវប្បធម៌ចូលទៅសិក្សាទាក់ទងនឹងរបាំសួយ រហូតថែរក្សារបាំសួយនេះឱ្យនៅគង់វង្ស ព្រមទាំងនាំមកសម្តែងនៅក្នុងកម្មវិធីនានាជាដើម។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា អ្វីៗក៏ត្រូវនៅក្រោមដំបូលសន្តិភាពដែរ។ ជាក់ស្តែងថ្មីនេះៗ ប្រទេសកម្ពុជា បានរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២ ក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព» ខណៈព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងចាប់ផ្តើមនៅខាងមុខនេះ។ កត្តាដែលកម្ពុជាអាចរៀបចំព្រឹត្តិការណ៍ធំៗនេះបានក៏ដោយសារតែប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ប៉ុន្តែនិយាយឱ្យពិតអ្វីៗទាំងអស់នៅក្រោមសន្តិភាពទាំងអស់ បើអត់សន្តិភាពទេ ចាំរត់គេចតែគ្រាប់ផ្លោងបានហើយ អត់មានធ្វើបានទេ»

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា សម្តេចបានយកជីវិតធ្វើដើមទុនដើម្បីរំដោះប្រទេសចេញពីភ្លើងសង្គ្រាម រហូតមានសន្ដិភាពដូចសព្វថ្ងៃនេះ បានអះអាងថា ក្នុងប្រទេសមួយដែលគ្មានសន្ដិភាព គឺរត់គេចតែពីគ្រាប់ផ្លោង ហើយមិនអាចធ្វើអ្វីបានទាំងអស់៕