សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ៖ បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន គឺជម្រុញល្បឿនអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ


សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធិផលនានា នៅវត្តមហាកំពែងរាជកំពូលពេជ្រ ស្ថិតនៅ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ព្រឹកថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។
សមិទ្ធិផលដែលត្រូវឆ្លងនាឱកាសនេះរួមមាន៖ ព្រះវិហារ, ឧបដ្ឋានសាលា, សាឡុំ, ក្លោងទ្វារមុខ ក្រោយ,ដងទង់, កុដ្ឋ, បន្ទប់ទឹក រូបសំណាក, ប្រាសាទ, ផ្លូវចូលវត្ត ដោយចំណាយទឹកប្រាក់ចំនួន ១.០១៨.៩១១ ដុល្លារ ដែលជាសទ្ធាជ្រះថ្លារបស់ ព្រះគូធម្មតេជោ សាំង គឹមសាន្ត លោក សៀក ឡេង និងភរិយា និងពុទ្ធសាសនិកជាច្រើននាក់ទៀត ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានមានប្រសាសន៍ផងដែរថា រាល់សមិទ្ធផលទាំងឡាយដែលបានអភិវឌ្ឍន៍ គឺដោយសារប្រទេសមានសុខសន្តិភាព ដែលយើងទាំងអស់គ្នាទទួលបានដោយសារការខិតខំប្រឹងប្រែង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុវត្តទៅលើនយោបាយឈ្នះ ឈ្នះ ។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ប្រសិនបើគ្មានការឯកភាពជាតិ គ្មានសុខសន្តិភាពទេនោះ ការអភិវឌ្ឍន៍ផ្សេងៗ ក៏យើងមិនអាចជម្រុញទៅមុខបានដែរ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ពោលគឺ ពុទ្ធបរិស័ទគ្រប់រូបក៏គ្មានលទ្ធភាពបង្ករបង្កើនចំណូល យកមកចូលបច្ច័យដើម្បីកសាងសមិទ្ធផលក្នុងវត្តមហាកំពែងរាជកំពូលពេជ្រ នេះ ។
សម្តេចកិត្ដិសង្គហបណ្ឌិត បានអំពាវនាវឲ្យប្រជាពលរដ្ឋ បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន គឺជំម្រុញការអភិវឌ្ឍនៅលើគ្រប់វិស័យ ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃមានការរីកចម្រើនជាលំដាប់ ៕