(កណ្តាល)៖ ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារកសាងសមាជិកបក្សក្នុងជួរកម្មករ និយោជិត តាមរោងចក្រក្នុងខេត្តកណ្តាល រួមជាមួយក្រុមការងារនៅថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ បានរៀបចំពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ជាសមាជិក សមាជិការបស់សម្ព័ន្ធសហជីពជាតិប្រមាណ ៦០០នាក់ មកពីរោងចក្រស៊ីនយីងវៃ ហ្គាមិនឯ.ក ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល។
នៅក្នុងពិធីនោះឯកឧត្តម យូ សិរីវុឌ្ឍ បានគូសរំលេចពីកិច្ចខិតខំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការកៀរគរអ្នកវិនិយោគចូលមកបង្កើតរោងចក្រ សហគ្រាសនៅកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ។
ឯកឧត្តម យូ សិរីវុឌ្ឍ ក៏បានលើកបង្ហាញពីកត្តាចម្បងៗមួយចំនួន ដែលនាំឱ្យកម្ពុជាអាចទាក់ទាញការវិនិយោគពីក្រៅប្រទេសរួមមាន៖ សុខសន្តិភាព ស្ថេរភាពនយោបាយ កម្លាំងពលកម្មវ័យក្មេង និងគោលនយោបាយលើកទឹកចិត្តដល់អ្នកវិនិយោគជាដើម។
សម្រាប់ឯកឧត្តម យូ សិរីវុឌ្ឍ សុខសន្តិភាព ស្ថេរភាពនយោបាយ គឺជាកត្តាដ៏ចាំបាច់បំផុត ដែលនាំឱ្យអ្នកវិនិយោគបរទេសមានទំនុកចិត្ត ហើយចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមបានអំពាវនាវដល់កម្មករ និយោជិតទាំងអស់ ត្រូវតែចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយនៅកម្ពុជាឱ្យបាន ដើម្បីធានារក្សាបានការវិនិយោគទាំងឡាយ ដែលជាប្រភពការងារ ប្រភពប្រាក់ចំណូលទ្រទ្រង់ជីវភាព។
ឯកឧត្តម យូ សិរីវុឌ្ឍ បានលើកឡើងថា មានគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ដែលមានសមត្ថភាព ធានារក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយនៅកម្ពុជា។ ដូច្នេះលោកបានអំពាវនាវឱ្យកម្មករ និយោជិតទាំងអស់ ត្រូវតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំប្រទេសបន្តទៅមុខទៀត។
ឯកឧត្តម បានអំពាវនាវកម្មករ និយោជិតឱ្យទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយបោះជូនគណបក្សប្រជាជនកម្ពុជាលេខរៀង១៨ ស្ថិតនៅជួរក្រោមគេខាងឆ្វេងដៃ មានរូបសញ្ញាទេវតាបាចផ្កា៕