ឯកឧត្តម លឹម គានហោ ចាត់តាំងលោក ចាន់ ស៊ីណាត ដឹកនាំក្រុមការងារបន្តចុះទៅពិនិត្យលើស្ថានភាពជាក់ស្តែង និងសក្តានុពលទឹកក្នុងខេត្តព្រះវិហារ


ដើម្បីឈានទៅរៀបចំគម្រោងយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយលើវិស័យធារាសាស្រ្តនៅកម្ពុជា របស់ធនាគារពិភពលោក ( WB ) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានចាត់តាំងលោក ចាន់ ស៊ីណាត អគ្គនាយករងកិច្ចការបច្ចេកទេស ឲ្យដឹកនាំក្រុមការងារបន្តចុះទៅកាន់ខេត្តព្រះវិហារ ដើម្បីពិនិត្យបន្ថែមលើស្ថានភាពជាក់ស្តែង និងសក្តានុពលទឹក ព្រមទាំងធ្វើការសិក្សា ចងក្រងគម្រោងដាក់បញ្ចូលទៅក្នុងគម្រោងយុទ្ធសាស្ត្រខាងលើ ។
សម្រាប់ខេត្តព្រះវិហារ ក្រសួងនឹងធ្វើការពង្រីកប្រព័ន្ធស្រោចស្រព ដើម្បីផ្តល់ទឹកដល់ដំណាំកសិកម្មប្រមាណ ៣៥.០០០ ហិកតា បន្ថែមទៀត តាមរយៈ ៖
១. សាងសង់អាងទឹកតាកឹង ស្ថិតក្នុងស្រុកគូលែន និងរៀបចំប្រព័ន្ធស្រោចស្រពយកទៅផ្គត់ផ្គង់ផ្ទៃដីកសិកម្មនៅក្នុងស្រុកគូលែន ស្រុកជ័យសែន ស្រុករវៀង ក្រុងព្រះវិហារ នៃខេត្តព្រះវិហារ និងមួយផ្នែកនៃស្រុកសណ្តាន់របស់ខេត្តកំពង់ធំ ។
២. រៀបចំសាងសង់អាងស្តុកទឹកធំៗ ទាំងនៅក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ ព្រមជាមួយនឹងការសាងសង់ប្រព័ន្ធប្រឡាយមេ ប្រឡាយរង ប្រឡាយជើងក្អែប លើប្រវែងសរុបប្រមាណ ៣៥០ គម ព្រមទាំងសំណង់សិល្បការតូចធំប្រមាណ ៨៧០ កន្លែង ។ ការសាងសង់របៀបនេះ គឺជាយុទ្ធសាស្ត្រសម្រាប់កាត់បន្ថយជំនន់នៅរដូវវស្សាផង ទាញទឹកយកមកប្រើប្រាស់ក្នុងរដូវប្រាំងផង ហើយក៏បង្កើតឡើងជាតំបន់អេកូទេសចរណ៍ផង ។
៣. ធ្វើអនុត្តរភាពលើប្រព័ន្ធធារាសាស្ត្រស្លាក់ករ ប្រព័ន្ធធារាសាស្ត្រអូរសំបួរ និងប្រព័ន្ធធារាសាស្ត្រអូរជុញ ដើម្បីទាញទឹកចូលឱ្យដល់ស្រែរបស់បងប្អូនប្រជាកសិករ ។