អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តដោះស្រាយវិវាទទំនាស់ដីធ្លីជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ចៀសវាងការពន្យារពេលដោះស្រាយដែលធ្វើឲ្យពួកគាត់នាំគ្នាមកតវ៉ាដល់សាលាខេត្ត


(កំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់បន្តដោះស្រាយវិវាទទំនាស់ដីធ្លីដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ចៀសវាងការពន្យារពេលដោះស្រាយ ដែលធ្វើឲ្យពួកគាត់នាំគ្នាមកតវ៉ាដល់សាលាខេត្តកំពង់ធំ។

ឯកឧត្តម ងួន រតនៈ បានថ្លែងដូចនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តមបានជំរុញឲ្យមន្រ្តីសុរិយោដី ត្រូវធ្វើយ៉ាងណាសម្របសម្រួល និងចែកប្លង់កម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងសម្របសម្រួលចំពោះដីដែលមិនទាន់បានទទួលប្លង់កម្មសិទ្ធិ ដោយពន្យល់ពីមូលហេតុ និងភាពលំបាករបស់ក្រុមការងារថ្នាក់ខេត្តក៏ដូចជាក្រុមការងារថ្នាក់ក្រសួងក្នុងការចេញប្លង់កម្មសិទ្ធិ។

លើសពីនេះទៅទៀត ក្នុងនាមរដ្ឋបាលខេត្តកំពង់ធំ, ឯកឧត្តមបានជំរុញដល់អាជ្ញាធរពាក់ព័ន្ធក្រុងស្រុកទាំងអស់ ត្រូវធ្វើយ៉ាងណាការពារសន្តិសុខជូនដល់បងប្អូនប្រជាពលរដ្ឋនៅពេលបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវធានាថាការបោះឆ្នោតគ្រប់ការិយាល័យទាំងអស់ត្រូវប្រកបទៅដោយភាពរលូន និងសុខសុវត្ថិភាព។

ឯកឧត្តមអភិបាលខេត្តបានក្រើនរំលឹកដល់ប្រធានមន្ទីរអង្គភាព និងអភិបាលក្រុងស្រុកទាំងអស់ត្រូវធ្វើយ៉ាងណាពង្រឹងនៅ វិន័យការងារក្នុងពេលប្រជុំរៀងរាល់ខែក្នុងករណីចាំបាច់ដែលអវត្តមាន នៅក្នុងកិច្ចប្រជុំបើអវត្តមានត្រូវ មានសុំច្បាប់ការអនុញ្ញាត និងប្រាប់ពីមូលហេតុទុក្ខធុរៈហើយផ្ញើចូលគ្រុបតេឡេក្រាម ដើម្បីងាយស្រួលសម្រាប់នាយករដ្ឋបាលសាលាខេត្ត ក្នុងការធ្វើកំណត់ហេតុឲ្យបានច្បាស់លាស់ចំពោះ អ្នកមកយឺតពេលវេលាត្រូវដាក់អវត្តមានតែម្តង៕