ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ជាង ១០០០នាក់


នារសៀលថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ប្រមាណជាង ១០០០នាក់ នៅសាលប្រជុំស្នាក់ការគណបក្សខេត្ត។
ដែលពិធីនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ គណប្រតិភូអមដំណើរ ឯកឧត្តម អ៊ូច ភា ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ព្រមទាំង ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក សមាជិការ មកពីបណ្ដាស្រុក ក្រុង និងមន្ទីរអង្គភាពជុំវិញខេត្ត ប្រមាណជាង ១០០០នាក់ ។
ថ្លែងនៅចំពោះមុខសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ប្រមាណជាង ១០០០នាក់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី ដើម្បីនឹងដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់វិបុលភាព សន្តិភាព និងការអភិវឌ្ឍ ជាពិសេសបន្តបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ស្របតាមបុព្វហេតុដ៏ជាក់លាក់ និងឥតងាករេរបស់គណបក្សប្រជាជនកម្ពុជា គឺកើតពីប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ក្នុងបុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស, ថ្នាក់ដឹកនាំជាយុវជនរៀមច្បងបានខិតខំតស៊ូ លះបង់ និងយកជីវិតជាដើមទុន ដើម្បីសម្រេចបានសមិទ្ធផលមហាសាលជូនសង្គមជាតិដូចបច្ចុប្បន្ននេះ។ ទាំងនេះ គឺជាគុណតម្លៃ និងគុណបំណាច់មិនអាចកាត់ថ្លៃបានសម្រាប់យុវជនជំនាន់បច្ចុប្បន្ន ដែលកំពុងរស់នៅក្រោមដំបូលសុខសន្តិភាព ស្ថិរភាព និងពោរពេញដោយឱកាស និងសិទ្ធិសេរីភាពពេញលេញគញគ្រប់បែបយ៉ាង។ ពិតណាស់ថា យុវជន គឺជាកម្លាំងបន្តវេនដែលមានសក្តានុពលយ៉ាងសំខាន់ របស់ប្រទេសជាតិ ហើយក៏រឹតតែចាំបាច់បំផុតក្នុងការណ៍ដែលយុវជន អាចចូលរួមចំណែកជាមួយនឹងសង្គមជាតិ តាមរយៈការចូលរួមក្នុងជីវភាពនយោបាយ និងក្លាយជាកម្លាំងគាំទ្រយ៉ាងសកម្មក្នុងការបន្តការពារថែរក្សាសមិទ្ធផល និងឱកាសសម្រាប់ខ្លួនឯងផង ក្រុមគ្រួសារផង និងសង្គមជាតិផង។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ក្នុងន័យនេះ អ្វីដែលយុវជនកំពុងទទួលបានពីគណបក្សប្រជាជនកម្ពុជា រួមមាន៖ ទី១. ក្នុងក្របខណ្ឌជាប្រជាពលរដ្ឋ គឺជាការចងចាំនូវគុណបំណាច់ និងការដឹងគុណ ពីព្រោះគណបក្សប្រជាជនកម្ពុជា ជាអ្នករំដោះប្រទេសពីសង្គ្រាម សង្គ្រោះជីវិត កសាងប្រទេសពីបាតដៃទទេ ប្រកាន់ខ្ជាប់នយោបាយបង្រួបបង្រួមជាតិ ខ្មែរតែមួយ ហើយបាននាំមកនូវសន្តិភាពពេញលេញ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ សិទ្ធិសេរីភាព និងការបណ្តុះបណ្តាលសមត្ថភាពដល់យុវជន ដោយអាចសិក្សារៀនសូត្រដើម្បីពង្រឹងខ្លួន ហើយចាប់យកអាជីពការងារ ធុរកិច្ច សម្រាប់លើកកម្ពស់ជីវភាពរស់នៅល្អប្រសើរ និងថ្លៃថ្នូរ។ ទី២. ក្របខ័ណ្ឌជាយុវជនបក្ស, គឺត្រូវចូលរួមដើម្បីការពារអ្វីដែលជាភាពវិជ្ជមានរបស់ប្រទេសជាតិ ដើម្បីជាការធានាបាននូវអ្វីដែលយុវជនកំពុងមានកុំឱ្យបាត់បង់។ យុវជនគណបក្ស គឺជាប្រតិបត្តិករក្នុងការរួមចំណែកអនុវត្តគោលនយោបាយរបស់គណបក្សឱ្យសម្រេចបាន និងជាមនុញ្ញផលពិតប្រាកដសម្រាប់ជាតិ និងប្រជាជន៕