អតីតយុទ្ធជនកម្ពុជាក្រុងតាខ្មៅ១,១៥០នាក់ ត្រូវបានបំពាក់គ្រឿងឥស្សរិយយស


(កណ្ដាល)៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានថ្លែងពីគុណូបក្ការ:ដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានខិតខំរំដោះប្រទេសជាតិពីរបបអាវខ្មៅ ដែលកាប់សម្លាប់ប្រជាជន ហើយដឹកនាំប្រទេសជាតិតាំងពីបាតដៃសទទេ រហូតមានការរីកចម្រើនទៅមុខជាលំដាប់ដូចឃើញសព្វថ្ងៃ។ ការរំដោះប្រទេសជាតិនេះ ក៏មានវត្តមានចូលរួមពីសំណាក់ក្រុមយុទ្ធជនដ៏អង់អាចក្លាហាន របស់យើងផងដែរ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ប្រឹងប្រយុទ្ធដើម្បីរួមគ្នារំដោះប្រទេសជាតិយើង។

ថ្នាក់ដឹកនាំទាំងទ្វេ បានថ្លែងបែបនេះ ក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៣ និងបំពាក់គ្រឿងឥស្សរិយយសជូនបងប្អូនអតីត យុទ្ធជនកម្ពុជាក្រុងតាខ្មៅ ចំនួន ១,១៥០នាក់ នៅសាលាខេត្តកណ្តាល កាលពីរសៀលថ្ងៃ ទី១៤ ខែមិថុនា ឆ្នាំ២០២៣។

ជំនួបនេះដើម្បីជាការលើកទឹកចិត្ត និងដឹងគុណចំពោះការលះបង់ សព្វបែបយ៉ាងរបស់បងប្អូនអតីតយុទ្ធជន ដែលមានគុណបំណាច់ ដ៏ធំធេងចំពោះជាតិ និងមាតុភូមិ និងបានរួមចំណែកក្នុងការចូលរួមអនុវត្ត គោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា នាំប្រទេសជាតិ ទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ រហូតដល់បច្ចុប្បន្ន។

ឯកឧត្តម គង់ សោភ័ណ្ឌ បាននាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចកាលសម្តេច និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា គ្រប់ជាន់ថ្នាក់ តែងតែគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនអតីតយុទ្ធជន។ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតពីសំណាក់សម្តេចតេជោ បានដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្រ្ត ដើម្បីលើកកម្ពស់ជីវភាពរស់នៅជូនបងប្អូនអតីតយុទ្ធជន ឱ្យកាន់តែមានភាពប្រសើរឡើង។

ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាល មិនបោះបង់បងប្អូនអតីតយុទ្ធជននោះទេ តែងតែផ្សារភ្ជាប់ នូវមនោសញ្ចេតនា ដោយក្រុមការងារ អញ្ជើញសាកសួរសុខទុក្ខ ជាប្រចាំ ចំពោះបងប្អូនអតីតយុទ្ធជន ជាមួយនឹងការនាំយកនូវអំណោយ ជាបន្តបន្ទាប់ ដើម្បីឧបត្ថម្ភដោះស្រាយជីវភាពបងប្អូន ដែលមានជីវភាពក្រីក្រ និងមានជំងឺជាដើម។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ សូមបួងសួងដល់ទេវតាតាមថែរក្សា បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ សូមបានប្រកបដោយសេចក្តីសុខសេចក្តីចម្រើន និងមាន អាយុយឺនយូរ មានសុខភាពល្អ។

ឯកឧត្តមបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេង ក្នុងឱកាសខួបលើកទី១៦ នៃទិវាអតីតយុទ្ធជនកម្ពុជានេះ ឯកឧត្តមក៏បានស្នើសុំឲ្យបងប្អូនអតីតយុទ្ធជនកម្ពុជា សូមបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុងឧត្តម និងសេចក្ដីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើម របស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ-បន្តគាំទ្រគោលនយោបាយដឹកនាំរបស់សម្តេចតេជោ ដើម្បីទទួលបានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅមានសិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ។

បន្ទាប់មកគណៈអធិបតី បានឧបត្ថមថវិកា និងផ្តល់អំណោយជូនដល់អតីតយុទ្ធជនចំនួន១១៥០នាក់ ដែលចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៦ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះដោយទទួលបាន អង្ករ២៥គីឡូ មី១កេស ត្រីខ២យួរ និងថវិកា២ម៉ឺនរៀល៕