អំណោយ និងថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវប្រគល់ជូនពលរដ្ឋជិត ៧០០គ្រួសារ ក្នុងភូមិជន្លាត់ដៃ ឃុំទងត្រឡាច


(កំពង់ចាម)៖ ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច និងលោក ពូន វណ្ណា អាជ្ញាធរស្រុកស្រីសន្ធរ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញ បាននាំយកមកនូវអំណោយជាសារ៉ុង ប្រហុក និងថវិកាចំនួន ៧លានរៀល របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋចំនួន ៦៩១គ្រួសារ ក្នុងភូមិជន្លាត់ដៃ ឃុំទងត្រឡាច។

លោក ចាស់ ជឿន មេឃុំទងត្រឡាច បានថ្លែងថា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឧកញ៉ា ឡូវ ហ៊ឺង បានកំពុងបន្តស្ថាបនាឡើងពីមួយថ្ងៃទៅថ្ងៃ ធ្វើឱ្យមានសមិទ្ធផលជាច្រើនបានកើតឡើងដូចជា៖ ផ្លូវ ថ្នល់ សាលារៀន បណ្ណាល័យ វត្តអារ៉ាម អណ្តូងទឹក សាលាឃុំ មន្ទីបក្ស បុស្តិ៍នគរបាលឃុំ ម៉ាស៊ីនភ្លើង រួមទាំងនៅតែបន្តចុះជួយ ប្រជាពលរដ្ឋទីទ័លក្រដែលមានជំងឺ ឈឺស្លាប់ និងចូលរួមដោះស្រាយការងាររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំទងត្រឡាចផងដែរ។

នាឱកាសនោះដែរ ឧកញ៉ា ឡូវ ហ៊ឺង បានពាំនាំការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅតាមមូលដ្ឋាន ជាពិសេសចំពោះក្មួយៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បងប្អូនក្រីក្រជួបការលំបាក ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជាដើម ហើយសម្តេចទាំងទ្វេរបានផ្តាំផ្ញើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលាផងដែរ។

ឧកញ៉ា ឡូវ ហ៊ឺង បានលើកឡើងថា៖ «ក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ ក្រោមម្លប់សនិ្តភាពពេញលេញ និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពយ៉ាងក្រៃលែង ចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្ត ជាច្រើនឥតគណនាដែលកើតឡើងពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាក្នុងការស្តារ និងកសាងប្រទេសជាតិមួយដែលត្រូវបំផ្លិចបំផ្លាញ ញាំញីដោយសារភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ អស់ជាច្រើនទសវត្សឱ្យក្លាយជាទឹកដីមួយដែលពោរពេញដោយសុខសន្តិភាព ស្ថិរភាព និងមានការរីកចម្រើនឥតឈប់ឈរ និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង»។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឧកញ៉ា ឡូវ ហ៊ឺង ក៏បានស្នើរដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីគាំទ្រសម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគត ដើម្បីការពារថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍប្រទេសឱ្យបានរីកចម្រើនបន្តទៀត៕