(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខូចកូនក្នុងផ្ទៃអស់ម្នាក់ ដោយសារតែការខ្វះខាតទឹក គ្រាដែលសម្តេចវចេញទៅធ្វើការ សម្តេចកិត្តិព្រឹទ្ធ បានចុះទៅលើកទឹកពីខាងក្រោមផ្ទះ ដើម្បីយកទៅប្រើប្រាស់លើផ្ទះ នៅក្នុងដំណាក់កាលក្រុងភ្នំពេញ គ្មានទឹកសម្រាប់ប្រើប្រាស់។
ការរំលឹកបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ ដែលជារោងចក្រផលិតទឹកស្អាតធំជាងគេនៅកម្ពុជា។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ឱ្យប្រជាពលរដ្ឋទាំងអស់គ្នាចងចាំនូវអ្វីដែលកើតឡើងនៅក្នុងជីវិតរបស់យើងគ្រប់ៗគ្នា ហើយអតីតកាលយើងមិនអាចផ្លាស់ប្តូរអតីតកាលបានទេ ក៏ប៉ុន្តែ អតីកាលទាំងនោះវាជាម៉ែត្រ សម្រាប់វាស់ថាយើងបានដើរដល់ទីកន្លែងណា អតីតកាលវាក៏ជាមេរៀនសម្រាប់យើងតម្រង់ទិស និងរកវិធីដោះស្រាយទៅមុខ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកយ៉ាងដូច្នេះថា៖ «ខ្លួនខ្ញុំផ្ទាល់ បានជួបនឹងសោកនាដកម្ម ដែលមិននឹកដល់ថារឿងនេះបានធ្លាក់មកក្នុងខ្លួនខ្ញុំ និងភរិយាខ្ញុំទេ ភរិយាខ្ញុំរលូតកូនមួយដោយសារតែអត់ទឹក ពេលនោះនៅទីក្រុងភ្នំពេញ គ្មានទឹកប្រើប្រាស់ទេ […] ថ្ងៃមួយដោយសារប្រញាប់ទៅធ្វើការខ្ញុំអត់បានដងទឹកពីក្រោមយកមកចាក់នៅពាងគ្រប់គ្រាន់ទេ ភរិយាខ្ញុំក៏ទៅយួរទឹក អ៊ឹចឹងក៏ចាប់ផ្តើមរលូតកូនហ្នឹងទៅ»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា សម្តេចបានជួបរឿងកម្សត់ជាច្រើន នៅពេលដែលចាប់ផ្តើមរំដោះប្រទេសគឺសម្តេចរកភរិយាមិនទាន់ឃើញ ហើយដោយកាលៈទេសៈនោះ គឺមិននឹកស្មានថាភរិយា និងកូននៅមានជីវិតនោះទេ។ រហូតដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩ ទើបសម្តេចបានជួបភរិយា និងកូនប្រុស ហ៊ុន ម៉ាណែត ជាលើកដំបូង។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកថា បន្ទាប់ពីបានជួបជុំភរិយា និងកូនប្រុសហើយ ទម្រាំតែកូនប្រុសហៅសម្តេចថាជាឪពុក គឺមានរយៈពេល២ខែ ដោយពេលនោះកូនប្រុសបានហៅសម្តេចថាពូៗ។ ទន្ទឹមនឹងនេះសម្តេចក៏បានជួបទុក្ខបន្តទៀតដោយសារតែសម្តេចកិត្តិព្រឹទ្ធ បានរលូតកូននៅក្នុងផ្ទៃ ដោយសារតែបញ្ហាខ្វះទឹកសម្រាប់ប្រាស់ ដូច្នេះរឿងអស់នេះ នៅតែស្ថិតជាប់ក្នុងចិត្តសម្តេចជានិច្ច។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៥ នៅក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស ឧបនាយករដ្ឋមន្ត្រី និងជានាយករដ្ឋមន្ត្រី សម្តេចមិនដែលស្គាល់ការងូតទឹកផ្កាឈូកបែបណានោះទេ៕