សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំមានចិត្តឆេវឆាវ តែចិត្តធ្ងន់បំផុត ចំពោះការសម្រេចចិត្តលើជោគវាសនាជាតិ


(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឯកសណ្ឋានជាកងទ័ព និងមានពាក់ផ្កាយមាស៥នៅលើស្មា បានទទួលស្គាល់ថា សម្ដេចជាមនុស្សដែលមានចិត្តឆេវឆាវ ប៉ុន្ដែមិនមែនឆេវឆាវគ្រប់រឿងនោះទេ ពោលសម្រាប់រឿងនយោបាយ និងជោគវាសនារបស់ជាតិនោះ គឺសម្តេចតែងតែមានចិត្តធ្ងន់​។

ក្នុងឱកាសអញ្ជើញជាអធិបតីរំលឹកដល់ថ្ងៃនៃដំណើរ​ចេញតស៊ូកាលពី ៤៦ឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ចិត្តឆេវឆាវរបស់សម្ដេច ក៏ប្រែមកជាធ្ងន់បំផុតវិញ នៅពេលសម្រេចចិត្តផ្នែកនយោបាយ ពិសេសពាក់ព័ន្ធជោគវាសនារបស់ប្រទេសជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំទទួលស្គាល់ខ្លួនឯងថា ជាមនុស្សដែលឆេវឆាវ ប៉ុន្ដែការសម្រេចចិត្តខាងនយោបាយ គឺខ្ញុំជាមនុស្សដែលចិត្តធ្ងន់បំផុតហើយ។ សូមអ្នកទាំងអស់គ្នាមើល តើខ្ញុំមានដែលសម្រេចចិត្តខាងនយោបាយពាក់ព័ន្ធជាមួយដំណើរផលប្រយោជន៍ជាតិ តាមរបៀបឆេវឆាវដែរឬទេ? គឺអត់នោះទេ។ អ្នកដទៃមិនអាចចិត្តធ្ងន់ដូច ហ៊ុន សែន បានទេ»

បើតាម​ប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី, ប្រសិនបើសម្ដេចសម្រេចចិត្តឆេវឆាវកាលពីអតីតកាល ព្រោះតែការឈឺចាប់ដោយសារកូនស្លាប់នៅនឹងមុខ តែសុំគេយកទៅកប់ និងមើលថែទាំប្រពន្ធមិនបាននោះ ហើយដកកាំភ្លើងបាញ់នោះ ម្ល៉េះមិនអាចសម្រេចនូវបុព្វហេតុជាតិ ពិសេសដំណើរឆ្ពោះទៅរកការរំដោះជាតិរបស់សម្ដេច និងជាមួយយុទ្ធមិត្តផ្សេងទៀត មិនអាចបានជោគជ័យឡើយ។ សម្ដេចកាលពីពេលនោះ អាចនឹងត្រូវគេយកទៅដាក់ពន្ធនាគារ ឬបាញ់សម្លាប់ចោលក៏ថាបាន។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា ការសម្រេចចិត្តធ្ងន់បំផុតខាងផ្នែកនយោបាយ ទើបធ្វើឲ្យសម្ដេចឈរជើងក្នុងហ្វូងអ្នកនយោបាយ តាំងពីអាយុ២៧ឆ្នាំ ពោលនៅពេលដែលសម្ដេចនៅធ្វើជារដ្ឋមន្ដ្រីក្រសួងការបរទេស ដែលកាលនោះធ្លាប់រងនូវការបង្អាប់ថា ជារដ្ឋមន្ដ្រីការបរទេសដែលមិនទាន់បានធំក្លិនទឹកដោះគោ។ ប៉ុន្ដែសម្ដេចមិនខ្វល់ជាមួយការលើកឡើងទាំងអស់នោះឡើយ ពោលសម្ដេចនូវតែបន្ដដំណើរដើម្បីបុព្វហេតុជាតិ។

ជាការពិត សម្ដេចតេជោ ហ៊ុន សែន ត្រូវបានគេទទួលស្គាល់ថា ជាមេដឹកនាំប្រទេសមួយរូប ដែលមានចិត្តធ្ងន់ខាងនយោបាយ ហើយតែសណ្ដោសប្រណីចំពោះអ្នកនយោបាយប្រឆាំង បើទោះបីអ្នកទាំងនោះធ្លាប់វាយប្រហារសម្ដេច វាយប្រហារក្រុមគ្រួសារសម្ដេចយ៉ាងណាក្ដី នៅពេលពួកគេធ្វើការសុំទោស និងទទួលស្គាល់កំហុស សម្ដេចតែងតែផ្ដល់នូវការសណ្ដោសប្រណីអភ័យទោស ព្រមទាំងផ្ដល់ឱកាសឲ្យចូលរួមបម្រើជាតិមាតុភូមិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាថែមទៀតផង៕