ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អញ្ជើញសម្ពោធសមិទ្ធិផលនានាក្នុងសង្កាត់បឹងកុក និងសង្កាត់កំពង់ចាម ចំណាយថវិកាជាង ៦លានដុល្លារ


(កំពង់ចាម)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្តបឹងកុក បានអញ្ជើញសម្ពោធសមិទ្ធិផលនានាសរុប ៣៨គម្រោងដោយចំណាយថវិកាអស់ជាង ៦លានដុល្លារ។

អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា បានឲ្យដឹងថា សមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅសង្កាត់បឹងកុក និងសង្កាត់កំពង់ចាម ចំនួន ៣៨គម្រោង ដោយចំណាយថវិកាប្រមាណ ២៧.៧៣៣.២០០.០០០រៀល ស្មើនឹង ៦.១០៦.៩៦២ដុល្លារ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សមិទ្ធិផលនៅក្នុងសង្កាត់បឹងកុក មាន១៦គម្រោង ប្រើប្រាស់ថវិកាអស់ ១៥.១៧៩.៦០០.០០០រៀល ប្រមាណ ៣.៧៤៨.០៤៩ដុល្លារ ការសាងសង់មានដូចជា៖ លូ ផ្លូវAC ផ្លូវបេតុង ២១ខ្សែ ផ្លូវក្រាលថ្មភ្នំ អគារសាលាសង្កាត់បឹងកុក និងទ្វារទឹក។

ដោយឡែកសមិទ្ធិផលនៅសង្កាត់កំពង់ចាម មាន២២គម្រោង ចំណាយថវិកាអស់ចំនួន១២.៥៥៣.៦០០.០០០ រៀល ប្រមាណ ៣.០៩៩.៦៥៤ដុល្លារ ក្នុងនោះបានសាងសង់ ផ្លូវក្រាលកៅស៊ូ AC ចំនួន ៣ខ្សែ ច្រាំងទន្លេ ១ខ្សែ សង់អគារសាលាសង្កាត់ ជួសជុលដំបូលផ្សារធំ និងផ្សារបឹងកុក ជួសជុលសួនច្បារតាមដងទន្លេមេគង្គ រូបសំណាកដំរី អាងទឹក៩កន្លែង ជួសជុលអគារអុកស៊ីសែននៅមន្ទីរពេទ្យខេត្តកំពង់ចាម១កន្លែងផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានលើកឡើងថា ជាការពិតសមិទ្ធិផលទាំងឡាយដែលបានអភិវឌ្ឍន៍ គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពជូនជាតិមាតុភូមិយើង ប្រសិនបើគ្មានការឯកភាពជាតិ និងគ្មានសុខសន្តិភាពនោះទេ ការអភិវឌ្ឍន៍ផ្សេងៗក៏មិនអាចរុញទៅមុខបានដែរ ទាំងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ។

ដូច្នេះដោយសារប្រទេសយើងមានសុខសន្តិភាពនេះហើយ ទើបយើងអាចជំរុញការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យជីវភាពរបស់ប្រជាជនយើង ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានការរីកចម្រើនទៅមុខជាលំដាប់។ ឈរលើស្មារតីនេះយើងទាំងអស់គ្នាត្រូវគោរពស្រឡាញ់ និងដឹងគុណនយោបាយឈ្នះឈ្នះ ដែលបាននាំមក សុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍន៍លើគ្រប់វិស័យនៅទូទាំងប្រទេស៕