ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពាវនាវដល់ពលរដ្ឋនៅខេត្តកោះកុងចូលរួមបោះឆ្នោតគ្រប់គ្នា, បោះជូនបក្សណាដែលរក្សាសន្តិភាព និងនាំកម្ពុជាទៅកាន់ភាពជឿនលឿន


ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋនៅខេត្តកោះកុងគប្បីទៅចូលរួមបោះឆ្នោះឱ្យបានគ្រប់គ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សណាដែលថែរក្សាការពារសន្តិភាព គិតគូរពីប្រជាជនជាធំ និងនាំប្រទេសកម្ពុជាទៅកាន់ភាពជឿនលឿន អភិវឌ្ឍតទៅមុខ។

លោកទេសរដ្ឋមន្ត្រីអំពាវនាវបែបនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំពង់ផែក្នុងក្រុងខេមរភូមិន្ទ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា ប្រទេសមានសន្តិភាពមានការអភិវឌ្ឍ មានស្ថិរភាពនូវនយោបាយឈ្នះឈ្នះក្រោមការដឹកនាំរបស់ស្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការស្វែងរកសន្តិភាព ស្ថិរភាព សុខសុវត្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ដើម្បីប្រទេសជាតិ ដើម្បីប្រជាពលរដ្ឋតូទាំងប្រទេស និងធ្វើឲ្យមានកេរ្តិ៍ឈ្នោះល្បីល្បាញនៅលើឆាកអន្តរជាតិថែមទៀតផង។

ឯកឧត្តម ស៊ុន ចាន់ថុល បានបន្តថា ប្រទេសជាតិរាល់ថ្ងៃកំពុងតែមានការអភិវឌ្ឍគ្រប់វិស័យ មានកំពង់ផែខ្នាតតូ ខ្នាតអន្តរជាតិ មានស្ពាន មានផ្លូវថ្នល់ខ្វាតខ្វែងទាំងផ្លូវល្បឿនលឿន មានផ្លូវរហូតនៅតាមមូលដ្ឋានមានសាលារៀនអគារធំៗ ទាំងនេះហើយគឺបានមកពីសន្តិភាព ហើយសន្តិភាពនេះគឺកើតចេញមកពីគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ។

ដូច្នេះដើម្បីរក្សាសន្តិភាពឲ្យមានស្ថិតស្ថិរគង់វង្សសូមប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតឲ្យគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សដែលស្រលាញ់ និងមានការអភិវឌ្ឍ ផ្តល់សេរីភាព សុវត្តិភាព។ លោកបានបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាតែ១គត់ ដែលយើងមានថ្ងៃនេះដែលបានការជួបជុំគ្រួសារ មានសិទ្ធិពេញលេញក្នុងដំណើរកម្សាន្តនៅតាមតំបន់ក្នុងប្រទេស និងក្រៅប្រទេស។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕