ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង


ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាអាចទទួលបានការគាំទ្រ និងការចូលរួមយ៉ាងសស្រាក់សស្រាំកុះករពីសំណាក់ពីគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជន និងអ្នកមានចំណេះដឹងអាស្រ័យលើកត្តាចំនួន៤។

កត្តាសំខាន់ៗទាំងនេះធ្វើឡើងក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

កត្តាទាំង៤សំខាន់ៗនោះរួមមាន៖

* ទី១. សមិទ្ធផលនៃតឹកតាងប្រវត្តិសាស្ត្រ ចក្ខុវិស័យ និងសកម្មភាពជាប្រចាំរបស់គណបក្ស ដោយឈរលើបុព្វហេតុជាតិ និងប្រជាជនយ៉ាងត្រឹមត្រូវ និងច្បាស់លាស់រាប់ចាប់ពីការតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការកសាងប្រទេសពីបាតដៃទទេ ការបង្រួបបង្រួមជាតិ និងឯកភាពទឹកដី ការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជាពិសេសការសង្គ្រោះជីវិតរបស់ប្រជាជនក្មេងចាស់ពីជំងឺរាតត្បាតជាសាកលដ៏កាចសាហាវ គឺជំងឺកូវីដ-១៩។

* ទី២. ការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺដើម្បីទទួលបានឱកាសក្នុងការរួមចំណែក ដើម្បីធ្វើឱ្យសង្គមជាតិយើងមានការវិវត្តក្នុងផ្លូវវិជ្ជមាន តាមរយៈការធ្វើពិតដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយដ៏ត្រឹមត្រូវរបស់បក្ស ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបម្រើផលប្រយោជន៍ជាតិ និងប្រជាជន។

* ទី៣. គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយប្រាកដនិយម មិនប្រជាភិថុតិ និងមិនសន្យានោះទេ ពិសេសបានគោរពបដិបត្តិយ៉ាងម៉ឺងម៉ាត់នូវបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ហើយបំពេញតួនាទីជាគណបក្សដែលកើតពីប្រជាជន របស់ប្រជាជន និងដើម្បីប្រជាជន។

* ទី៤. គណបក្សប្រជាជនកម្ពុជាបានរក្សាភាពស្មោះត្រង់ក្នុងការបម្រើជាតិ និងប្រជាជនតែមួយឥតងាករេ ហើយជាពិសេសគណបក្សតែងរក្សាបាននូវសាមគ្គីភាពឯកភាពផ្ទៃក្នុងយ៉ាងរឹងមាំចាប់ពីកម្រិតកំពូលដល់ថ្នាក់ក្រោម និងតែងបានកែលម្អចំណុចខ្វះខាតដោយអនុវត្តអភិក្រមទាំង៥ ៖ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់។

ឯកឧត្តមប្រធាន ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍ថា ក្នុងនាមជាសកម្មជនយុវជនបក្សដែលជាជំនួយការរបស់បក្ស សមាជិកបក្សទាំងអស់គ្នាមានភារកិច្ចបំផុសចលនាយុវជន ក៏ដូចជាមហាជនគ្រប់មជ្ឈដ្ឋានឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់បក្ស។ ក្នុងន័យនេះ សមាជិកបក្សប្រជាជនចាំបាច់ត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព តាមរយៈការយកចិត្តទុកដាក់សិក្សាស្វែងយល់អំពីប្រវត្តិ ស្នាដៃ សមិទ្ធផល លក្ខន្តិកៈ កម្មវិធីនយោបាយ និងផែនការសកម្មភាពផ្សេងៗ ដើម្បីជាមូលដ្ឋានរឹងមាំក្នុងការថែរក្សាជំនឿជឿជាក់របស់ប្រជាពលរដ្ឋមកលើគណបក្ស ជាពិសេសការប្រែក្លាយខ្លួនជាឃោសនិកដ៏មានឥទ្ធិពលក្នុងការឃោសនាផ្សព្វផ្សាយដល់មហាជនឱ្យបានជ្រាបច្បាស់ពីសមិទ្ធផលវិជ្ជមាន សក្តានុពល និងបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើកន្លងមក កំពុងធ្វើ និងបន្តធ្វើដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនបន្តទៅមុខជានិច្ចនិរន្តរ៍។

ឯកឧត្តមបានបន្តណែនាំដល់យុវជនគណបក្សប្រជាជនកម្ពុជាដែរថា អតីតកាលអាចផ្តល់មេរៀនឱ្យយើងគេចចេញពីកន្លែងលំបាក ហើយកន្លែងណាល្អៗត្រូវខិតខំកសាង និងពង្រឹងបន្ថែមទៀត ជាពិសេសការថែរក្សាឱ្យបានដាច់ខាតនូវសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្តទៀតថា ចំពោះអនាគត គឺយើងមានគោលដៅកសាងពង្រឹងសមត្ថភាពកូនខ្មែរឱ្យខ្លាំង តាមរយៈការអភិវឌ្ឍសមត្ថភាពរបស់យុវជន ពីព្រោះយុវជនគឺជាកម្លាំងស្នូលនៅក្នុងគ្រប់កិច្ចការរបស់ប្រទេសជាតិ ដែលអាចធានាអនាគត និងក្តីសង្ឃឹមសម្រាប់ជាតិ និងប្រជាជនតទៅខាងមុខ៕