ឯកឧត្តមអភិបាលខេត្តតាកែវ ក្រើនរំលឹកដល់មេឃុំ មេភូមិ ត្រូវចុះដើរឱ្យបានសព្វនៅក្នុងមូលដ្ឋានរបស់ខ្លួន


ដើម្បីបានដឹងពីសុខទុក្ខនឹងបញ្ហាពលរដ្ឋ

អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការក្រើនរំលឹកបន្ថែមទៀតទៅ ដល់មេឃុំ មេភូមិ ត្រូវចុះដើរឱ្យបានសព្វគ្រប់កន្លែងនៃមូលដ្ឋានរបស់ខ្លួន ពោលគឺចុះឱ្យដល់ខ្នងផ្ទះរបស់ បងប្អូន ប្រជាពលរដ្ឋ ដើម្បីបានស្វែងយល់អំពីសុខទុក្ខក៏ដូចជាបញ្ហា សំណូមពរផ្សេងៗរបស់ពួកគាត់ ដើម្បី យើងងាយស្រួលដោះស្រាយជូនភ្លាមៗ ។

ថ្លែងនៅក្នុងឱកាសចុះជួបសំណេះសំណាល និងស្ដាប់បញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋាន ជាមួយ ប្រធានក្រុមការងារចុះជួយឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ ប៉ុស្ដិ៍នគរបាលរដ្ឋបាល យុវជនភូមិ-ឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុ ប៉ុស្ដិ៍នគរបាល មណ្ឌលសុខភាព នាយកសាលា ចាស់ព្រឹទ្ធាចារ្យ ក្នុង ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ចំនួន ៩១នាក់ នារសៀលថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បាន មានប្រសាសន៍បន្តថា ក្នុងនាមជា អាជ្ញាធរមូលដ្ឋាន ត្រូវតែចុះឱ្យបានជាប់ជាប្រចាំចុះដើរឱ្យ ដល់ខ្នងផ្ទះ របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីបង្កើនភាពស្នទ្ធិស្នាលជាមួយពួកគាត់ផង និងដើម្បីឱ្យពួកគាត់មានក្តី សង្ឃឹម មានភាពកក់ក្តៅ និងមានជំនឿជឿជាក់លើការដឹកនាំរបស់អាជ្ញាធរ ព្រោះពួកគាត់ចាត់ ទុក អាជ្ញាធរគឺជា អាណាព្យាបាល របស់ពួកគាត់ ។

ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា ការគិតគូរនិងយកចិត្តទុកដាក់អំពីសុខទុក្ខ និងបម្រើសេវា ជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែលឿនរហ័សដោយទំនួលខុសត្រូវ វានឹងធ្វើឱ្យបងប្អូន ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់យើងកាន់តែមានទំនុកចិត្ត និងបន្តគាំទ្រលោកអ៊ុជាមេឃុំមេភូមិថែមទៀត ម្យ៉ាងវិញទៀតទន្ទឹមនឹងការគិតគូរអំពីសុខទុក្ខរបស់ពលរដ្ឋហើយ សូមអាជ្ញាធរមូលដ្ឋាន ធ្វើការអភិវឌ្ឍ ក្នុងមូលដ្ឋានរបស់ខ្លួនមានការរីកចម្រើនថែមទៀត ពិសេសត្រូវសហការគ្នាឱ្យល្អជាមួយនឹង បងប្អូន ប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍នគរបាល ធ្វើយ៉ាងណាពង្រឹង លើការងារ ការពារ ថែរក្សា សន្តិសុខ សណ្តាប់ សាធារណៈ កាន់តែល្អរឹងមាំ ឱ្យមូលដ្ឋានរបស់យើងក្លាយជាមូលដ្ឋានដែលគ្មានបទល្មើសគ្រប់ប្រភេទ គ្មានល្បែងស៊ីសង ស្របតាមគោលនយោបាយភូមិឃុំមានសវុត្ថិភាព ៕