ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា៖ រឿងរ៉ាវអតីតកាលពីសង្គ្រាម និងរបបប្រល័យពូជសាសន៍ គឺជាមេរៀនប្រវត្តិសាស្ត្រ សម្រាប់ការចងចាំរបស់យើងទាំងអស់គ្នា ដើម្បីអនាគតរុងរឿងរបស់កម្ពុជា


(បាភ្នំ-ព្រៃវែង)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ បានថ្លែងក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានានៅវត្តក្រាំងស្លា ស្ថិតក្នុងភូមិវល្លិ៍យាវ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនាថា «រឿងរ៉ាវអតីតកាលពីសង្គ្រាម និងរបបប្រល័យពូជសាសន៍ គឺជាមេរៀនប្រវត្តិសាស្ត្រ សម្រាប់ការចងចាំរបស់យើងទាំងអស់គ្នា ដើម្បីអនាគតរុងរឿងរបស់កម្ពុជា»

ឯកឧត្តមរដ្ឋមន្ត្រីថ្លែងបន្តថា មនុញ្ញផលនៃសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពរបស់សង្គមជាតិបច្ចុប្បន្ននេះ បាននាំឱ្យយើងរស់នៅដោយសេចក្តីសុខ និងបានជួបជុំរួមសាមគ្គីគ្នា ដើម្បីធ្វើបុណ្យកសាងសមិទ្ធផលនៅពេលនេះ។

អាស្រ័យហេតុនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារស្រុកបាភ្នំ បានសំណូមពរដោយទទូច ចំពោះប្រជាជនកម្ពុជាជាម្ចាស់ឆ្នោតទាំងអស់ សូមមេត្តាអញ្ជើញទៅចូលរួមបោះឆ្នោតជាតិនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ហើយសូមបោះឆ្នោត ជូនដល់អ្នកដែលបានបញ្ចប់សង្គ្រាមកសាងសន្តិភាព បង្កើតវឌ្ឍនភាព និងវិបុលភាពរបស់សង្គមជាតិ គឺ សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សំដៅការពារយ៉ាងរឹងមាំនូវសេចក្តីសុខ សេចក្តីចម្រើន ពោរពេញដោយមោទនភាពនាបច្ចុប្បន្នសម្រាប់អនាគតរុងរឿង របស់កម្ពុជាជារៀងដរាបតរៀងទៅ។

សូមជម្រាបជូនថា បន្ទាប់ពីពិធីកាត់ខ្សែបូរសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានានៅក្នុងវត្តក្រាំងស្លា ដាក់ឱ្យប្រើប្រាស់រួចមក ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា និងក្រុមការងារក៏បានប្រគេនទៀនវស្សា និងទេយ្យទាន ព្រមទាំងបច្ច័យកសាងដល់វត្តទាំងអស់ចំនួន៤២ នៅទូទាំងស្រុកបាភ្នំ ខេត្តព្រៃវែង៕