មណ្ឌលសំចតថ្មីនឹងសាងសង់នៅទីតាំងក្រុងប៉ោយប៉ែត សម្រាប់សម្រួលដល់ អ្នកដំណើរ និងពលករឆ្លងដែនទៅថៃ


ឯកឧត្តម វង្ស សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា . ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងប្រតិភូអមដំណើរ មានខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមើលទីតាំងត្រៀមសាងសង់មណ្ឌលសំចតសម្រាប់ជួយសម្រួលដល់ពលករឆ្លងដែន មានទីតាំងនៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ។

ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម វង្ស សូត រដ្ឋមន្ត្រីសង្គមកិច្ច បាន បញ្ជាក់ថា ការរៀបចំឲ្យមានមណ្ឌលសំចតនេះ ជាការទទួលខុសត្រូវរបស់អាជ្ញាធរ និងរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រួលនិងរៀបចំ សម្រាប់ប្រជាពលរដ្ឋ ពិសេសចំពោះពលករឆ្លងដែនខុសច្បាប់ដែលអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់មកវិញយ៉ាងកំហុក ។

ឯកឧត្តមបន្តថា មណ្ឌលសំចតនេះនឹងរៀបចំឲ្យបានល្អសមរម្យ និងទៅជាមជ្ឈមណ្ឌលពហុវិស័យពាក់ព័ន្ធទាំងអស់សម្រាប់ជួយសម្រួលដល់ពលករ និងប្រជាពលរដ្ឋកម្ពុជាយើង។
គម្រោងសម្រាប់សាងសង់មណ្ឌល នឹងមានផ្នែកស្នាក់នៅអចិន្ត្រៃយ៍ បណ្តោះអាសន្ន(មានកន្លែងម្ហូបអាហារ) កន្លែងអប់រំបណ្តុះបណ្តាល ថែទាំ និង បម្រើជូនសេវាពាក់ព័ន្ធផ្សេងៗទៀត មានការគ្រប់គ្រងច្បាស់លាស់។