សម្តេចតេជោ ហ៊ុន សែន ទម្លាយពីអារម្មណ៍កម្សត់ ពេលធ្វើជាប្រធានអាស៊ាន ឆ្នាំ២០០២ ដែលកម្ពុជាទើបងើបចេញពីសង្គ្រាម តែធ្វើប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជាមានស្ថានភាពដូចគេដូចឯង


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានទម្លាយនូវអារម្មណ៍កម្សត់ នៅពេលនឹកដល់ការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០០២ ដែលពេលនោះកម្ពុជាទើបងើបចេញពីសង្គ្រាម មានតែសណ្ឋាគារផ្កាយ៥ សម្រាប់រៀបចំកិច្ចប្រជុំអាស៊ានតែ ២ប៉ុណ្ណោះ ហើយពេលនោះស្ថានភាពប្រទេស នៅជួបការលំបាកនៅឡើយ។

សម្តេចបន្តថា សម្រាប់ការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០១២ ពេលនោះកម្ពុជា ហាក់មានភាពប្រសើរ ដែលមានទីតាំងសមរម្យទទួលមេដឹកនាំបណ្តាប្រទេសធំៗ ព្រមទាំងមហាអំណាច ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។ សម្រាប់ការអ្វីជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន ឆ្នាំ២០២២ ដែលទទួលបានជោគជ័យយ៉ាងធំធេង គឺកម្ពុជាមានការអភិវឌ្ឍ និងមានលទ្ធភាពគ្រប់គ្រាន់រៀបចំទីតាំងយ៉ាងស្រស់ស្អាត សម្រាប់ទទួលមេដឹកនាំនានា ចូលរួមកិច្ចប្រជុំ ដូចទៅនឹងបណ្តាប្រទេសផ្សេងៗដទៃទៀតដែរ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញចុះជួបកម្មករ និយោជិត ជិត ២ម៉ឺននាក់ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «និយាយពីក្នុងចិត្តរបស់ខ្ញុំតែម្តង ពីមុនក្នុងឋានៈជាមេដឹកនាំប្រទេស ខ្ញុំហាក់ដូចជាមានភាពកម្សត់ខ្លួន ​នៅពេលដែលយើងប្រជុំអាស៊ាន (ឆ្នាំ២០០២) ពេលនោះយើងមានសណ្ឋាគារផ្កាយ៥ ត្រឹមតែពីរប៉ុណ្ណោះ យកធ្វើជាកន្លែងប្រជុំ នោះជារឿងដែលកម្សត់ណាស់ ហើយចេះតែគិតថាតើប្រទេសនានា គេវាយតម្លៃប្រទេសយើងយ៉ាងម៉េច? ប៉ុន្តែមានរឿងមួយគេក៏អាចយល់ថាយើងទើបនឹងងើបពីសង្គ្រាម។ ដល់មកធ្វើប្រធានអាស៊ានឆ្នាំ២០១២ រាងគ្រាន់បើបន្តិច ដល់ពេលមកធ្វើប្រធានអាស៊ានឆ្នាំ២០២២ ចាប់ផ្តើមដូចគេដូចឯង ព្រោះបើចូលទឹកដីកម្ពុជាភ្លាម យន្តហោះហោះនៅពេលយប់ ឃើញភ្លើងអគ្គិសនីភ្លឺព្រោងព្រាត ទោះនៅជនបទក្តី»

សូមបញ្ជាក់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ជាសមាជិក រួមមានថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ព្រុយណេ វៀតណាម មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ដែលបានចូលជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ក្នុងពេលកិច្ចប្រជុំនៅក្នុងប្រទេសវៀតណាម។

អាស៊ាន ជាអង្គការតំបន់ ដែលបានជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល និងជួយសម្រួលការធ្វើសមាហរណកម្ម ក្នុងចំណោមសមាជិកទាំងអស់ ចាប់តាំងពីការបង្កើតឡើងដំបូង នៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧។ គោលបំណងសំខាន់នៃអង្គការនេះ គឺការជំរុញនូវកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការវិវត្តសង្គមសម្រាប់សមាជិកទាំងអស់ រួមជាមួយការការពារស្ថិរភាពនៅក្នុងតំបន់ និងការផ្ដល់យន្តការមួយ សម្រាប់ប្រទេសជាសមាជិក ដើម្បីដោះស្រាយទំនាស់ដោយសន្តិវិធី៕