សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យអ្នកបង្កើតគណនី TikTok ដោយប្រើឈ្មោះ និងរូបថតរបស់សម្ដេច ដែលមាន Follower 314K មកជួបដើម្បីសុំយកមកគ្រប់គ្រងវិញ ព្រមទាំងផ្តល់តួនាទីជាជំនួយការសម្តេច


(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានផ្ញើសារសំឡេងមួយតាមរយៈ Telegram ទៅកាន់អ្នកដែលបានបង្កើតគណនី TikTok ដោយប្រើប្រាស់ឈ្មោះរបស់សម្ដេច ដើម្បីមកជួប និងសុំយកមកគ្រប់គ្រងវិញ ក្រោយសម្ដេចមើលឃើញថា អ្នកដែលបង្កើតនេះគ្មានចេតនាអាក្រក់នោះទេ។

តាមរយៈសំឡេងដដែលនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រសិនបើត្រូវបិទចោលនូវគណនីដែលមានឈ្មោះរបស់សម្ដេចស្រាប់នោះ វាជារឿងដែលគួរឲ្យស្ដាយដោយសារគណនីនោះ មានអ្នកតាមដានរហូតដល់ជាង៣០ម៉ឺននាក់ និងអ្នកចុច like ជាង៤លាននាក់ឯណោះ។

ក្រៅពីមិនស្ដីបន្ទោសហើយនោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានណែនាំឲ្យអ្នកដែលបង្កើតគណនីនោះ ទៅជួបផ្ទាល់ជាមួយលោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលជាជំនួយការរបស់សម្ដេច ដើម្បីពិភាក្សាការងារនេះ ហើយសម្ដេចថែមទាំងផ្ដល់តួនាទីជាជំនួយការឲ្យថែមទៀតផង។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ក្នុងករណីសម្ដេចទទួលបានគណនី TikTok នោះយកមកគ្រប់គ្រងវិញ សម្ដេចអាចនឹងបញ្ឈប់ការប្រើប្រាស់គណនីថ្មីដែលទើបបង្កើត ហើយបន្ដប្រើប្រាស់គណនីចាស់ ដែលមានអ្នកតាមដាន និងចុច Like ស្រាប់ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកដែលតាមដាន និងមានសកម្មភាពរបស់សម្ដេចស្រាប់។

សម្ដេចតេជោ ហ៊ុន សែន បានយល់ឃើញថា គណនី TikTok នោះមានអ្នកចូលគាំទ្រច្រើន ដោយសារប្រើប្រាស់រូបភាព និងឈ្មោះរបស់សម្ដេច ពិសេសបានបង្ហោះរាល់សកម្មភាពទាំងវីដេអូ និងរូបភាពរបស់សម្ដេចតែម្ដង៕