(កំពង់ធំ)៖ ឯកឧត្តម ថោង ខុន អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានជួបសំណេះសំណាលជាមួយបណ្តា មេឃុំ មេភូមិ និងភ្នាក់ងារគណបក្សស្រុកតាំងគោក និងដោយមានចូលរួមពីលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងក្រុមការងារចុះជួយមូលដ្ឋានស្រុកតាំងគោកចំនួន ៣៤៩នាក់។
នាឱកាសនោះបន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់លោក ហាក់ ម៉ុងហួត រួចមក ឯកឧត្តម ថោង ខុន ក៏បានបង្ហាញការស្វាគមន៍ចំពោះសមាជិកទាំងអស់ និងបានឱ្យដឹងទៀតថា ការចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលពីសំណាក់គណបក្សដ៏ទៃទៀត ជាការចូលរួមដោយសារការស្ម័គ្រចិត្ត និងមានការភ្ញាក់រលឹក ដោយមិនមានការបង្ខិតបង្ខំនោះឡើយ និងដោយមានការមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន នឹងបាននាំយកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍសម្រាប់ប្រទេសជាតិ។
ជាមួយគ្នានោះឯកឧត្តម ថោង ខុន បានណែនាំឱ្យក្រុមការងារថ្នាក់មូលដ្ឋានទូទាំងស្រុកតាំងគោក រួមមាន មេឃុំ មេភូមិ និងភ្នាក់ងារគណបក្សនយោបាយនានា ចុះតាមខ្នងផ្ទះណែនាំពលរដ្ឋ ដែលបានបាត់ ឬខូច ឬកែតម្រូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សូមអញ្ជើញគាត់ទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ ដើម្បីបម្រើការបោះឆ្នោត ឬហៅថា ធ្វើបណ្ណ ឯ.អ ដើម្បីឲ្យគាត់ទទួលបានសិទ្ធចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងនេះ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅតាមស្នាក់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ឃុំ សង្កាត់ បាននឹងកំពុងធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ ឯ. អ ដើម្បីបម្រើការបោះឆ្នោតនេះ ដែលមានរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមិថុនា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។
ឯកឧត្តម ថោង ខុន ក៏បានជំរុញឱ្យក្រុមការងារថ្នាក់មូលដ្ឋានទូទាំងស្រុកតាំងគោក ជំរុញការកសាងសមាជិកបក្សឱ្យបានកាន់តែច្រើនបន្តទៅទៀត ទោះបីថ្ងៃបោះឆ្នោតខិតជិតចូលមកដល់។ ខិតខំគ្រប់គ្រងនិងក្តាប់ឱ្យបានជាក់លាក់នូវចំនួនប្រជាជនចំណាកស្រុក ហើយត្រូវធ្វើការទំនាក់ទំនាក់ប្រជាពលរដ្ឋដែលបានធ្វើចំណាកស្រុក នឹងសម្រួលធ្វើយ៉ាងណាឱ្យពួកគាត់បានមកបោះឆ្នោតគ្រប់ៗគ្នា។
បន្ថែមពីនេះឯកឧត្តម ថោង ខុន ក៏បានជំរុញលើកទឹកចិត្តដល់ក្រុមការងារគណបក្សនៅតាមស្រុក ឃុំ ភូមិ ចុះជួយសម្របសម្រួល ដាស់តឿនក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដើម្បីត្រៀមខ្លួន ត្រៀមអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងបណ្ណព័ត៌មានបោះឆ្នោតជាដើម ដើម្បីទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នា៕