(កណ្ដាល)៖ ថ្ងៃទី៥ នៃការឃោសនារកសំឡេងឆ្នោត ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណបក្សខេត្តកណ្តាល និងជាបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រមណ្ឌលកណ្តាល នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តចុះជួបសំណេះសំណាលសមាជិក សមាជិកាបក្សតាមបណ្ដាលមូលដ្ឋានរាប់ពាន់នាក់ ដើម្បីផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំពីរបៀបគូស សន្លឹកឆ្នោតឱ្យត្រឹមត្រូវ ក្លាយជាសន្លឹកឆ្នោតបានការ ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមបណ្ឌិត បានរំឭកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិតាមរយៈការដាក់ចេញ នយោបាយឈ្នះឈ្នះ ការស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព ស្ថិរភាព ធ្វើឱ្យប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ន។ ដូចនេះ យើងទាំងអស់គ្នានឹងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ និងប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថិរគង់វង្សជានិច្ច។
បន្តមកទៀត ជាមួយនឹងភាពម៉ឺងម៉ាត់ ហ្មត់ចត់ ឯកឧត្តមបណ្ឌិត និងក្រុមការងារ បានរួមគ្នាពន្យល់បង្រៀន ប្រជាពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវឱ្យក្លាយជាសន្លឹកឆ្នោតបានការ ចៀសវាងការគូសលេខ ឬការគូសច្រើនដង។
ទន្ទឹមនឹងនេះឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ សមាជិក សមាជិកាទាំងអស់ ចូលរួមអនុវត្តកិច្ចការងារទៅចូលរួមបោះឆ្នោតដោយត្រូវត្រៀមខ្លួន ត្រៀមឯកសារឱ្យបានរួចរាល់ទុកជាមុន ដើម្បីធានាការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងជោគជ័យសម្រាប់ជាតិយើងទាំងមូល។
ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានបញ្ជាក់ថា៖ «យើងជាសមាជិកបក្សត្រូវគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឆ្ពោះទៅកាន់ សុខសន្តិភាព និងការអភិវឌ្ឍតទៅទៀត»។
ជាងនេះទៅទៀត ឯកឧត្តមបណ្ឌិត ក៏បានក្រើនរំលឹកបន្ថែមផងដែរឱ្យសកម្មជនគណបក្សប្រជាជនកម្ពុជាត្រូវចូលរួមឃោសនានៅតាមភូមិ ឃុំរបស់ខ្លួន អំឡុងពេលយុទ្ធនាការឃោសនាឱ្យបានល្អបំផុត និងត្រូវវាយតម្លៃរកកំលាំងពិត ដែលស្មោះត្រង់បោះឆ្នោតជូនបក្ស អ្នកដែលមិនច្បាស់លាស់ និងទប់ស្កាត់ឱ្យបានអ្នកដែលតាំងបន្លំខ្លួនជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា តែបង្រៀនឱ្យប្រជាជនគូសសន្លឹកឆ្នោតខុស។
ឯកឧត្តម ម៉ៅ ភិរុណ និងសមាជិក សមាជិកាគណបក្សក្នុងក្រុងតាខ្មៅទាំងមូល បានសម្តែងនូវអំណរគុណសន្តិភាព នយោបាយឈ្នះឈ្នះ និងសូមដឹងគុណ ស្ថាបនិកមគ្គុទេសឯក និងប្រតិបត្តិករ នយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិ ពេញលេញ និងបានប្រកាសគាំទ្រសម្តចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត៕