(កណ្តាល)៖ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកមុខកំពូល និងជាបេក្ខជន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានបន្ត ចុះជាប់រាល់ថ្ងៃ ដើម្បីជួបប្រជាពលរដ្ឋ និងសកម្មជនគណបក្ស នៅតាមភូមិឃុំ និងមណ្ឌលសកម្មភាព គណបក្ស នៅក្នុងស្រុកមុខកំពូល។
ឯកឧត្តម វង្សី វិស្សុត បានសំដែងនូវអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋ និងសកម្មជនគណបក្ស ក្នុងស្រុកមុខកំពូលទាំងអស់ ដែលតែងបានផ្តល់ការគាំទ្រ ហើយនឹងបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពបន្តវេន នាពេលអនាគត ដើម្បីថែរក្សាសន្តិភាព ឯកភាពជាតិ ឯករាជ្យភាព, អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងសមិទ្ធផលនានា ឱ្យបានគង់វង្ស ក៏ដូចជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែជឿនលឿន និងបន្តរីកចម្រើនលូតលាស់ទៅមុខ ឱ្យស្មើមុខស្មើមាត់ ដូចប្រទេសនានាក្នុងតំបន់ និងពិភពលោក ពោលគឺសំដៅក្លាយជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តម វង្សី វិស្សុត បានអំពាវនាវ ដល់សមាជិកសមាជិកាគណបក្សទាំងអស់ សូមនាំគ្រួសារ,បងប្អូន និងញាតិមិត្ត អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជា មានលេខរៀងទី១៨ ដែលមានរូបសញ្ញាទេវតាបាចផ្កា ដើម្បីសន្ដិភាព, ស្ថេរភាព និង ការអភិវឌ្ឍ ព្រមទាំង ដើម្បីលើកតម្កើងជីវភាពខ្លួនឯង៕