ឯកឧត្តម ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តកំពង់ធំ បេីកសម្ពោធអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំចំណាក្រោម និងឃុំប្រឡាយ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ រៀបចំឡេីងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងនោះឯកឧត្តម បានជម្រុញឲ្យមន្ត្រីគណបក្សទាំងអស់ ត្រូវបន្តស្មារតីសាមគ្គី និងខិតខំអនុវត្តនូវបណ្តាភារកិច្ចចំពោះមុខឲ្យបានសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ថែមទៀត ដើម្បីពង្រឹងកម្លាំង និងប្រជាប្រិយភាព ក្នុងការដណ្តើមប្រៀបឈ្នះ របស់បក្សយើងសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ ឲ្យទទួលបានលទ្ធផលជោគជ័យ។
ឯកឧត្តម ជា ចាន់តូ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់សមាជិកសមាជិកាគណបក្ស កន្លងមកនេះ បានខិតខំប្រឹងប្រែងបំពេញការងារ ដោយភាពស្មោះត្រង់ជូនគណបក្ស និងប្រជាជន ជាពិសេសក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅនេះ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
លោកបានបន្ដថា ដូចនេះអ្វីដែលត្រូវបន្ត គឺត្រូវធ្វើអ្វីៗគ្រប់យ៉ាងឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីផលប្រយោជន៍ប្រជាជន សង្គមជាតិនិងគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ជា ចាន់តូ បានសង្កត់ធ្ងន់ថា ជោគជ័យនៃការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានតម្លៃធំធេងណាស់នៅក្នុងការថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍជាតិ ជាមួយនេះសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ក៏ត្រូវបន្តការគាំទ្រឲ្យពេញទំហឹង ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សសម្រាប់បន្តធ្វើជាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់អាណត្តិទី៧ ដើម្បីដឹកនាំប្រទេសឲ្យទទួលបានការអភិវឌ្ឍថ្មីៗបន្ថែមទៀត ក្រោមដំបូលសន្តិភាព និងត្រូវគាំទ្រចំពោះបេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគតផងដែរ៕