ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជិត ១០០០នាក់ នៅស្រុកពាមរក៍ ខេត្តព្រៃវែង


ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងជាបេក្ខភាពតំណាងរាស្ត្រលេខរៀងទី១ របស់គណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលខេត្តព្រៃវែង បានអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជិត១០០០នាក់ នៅស្រុកពាមរក៍ខេត្តព្រៃវែង នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣។
ពីធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាបេក្ខជនពេញសិទ្ធិ និងបម្រុង ចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ រដ្ឋសភា ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុក លោក លោកស្រី ក្រុមការងារចុះជួយ ឃុំ ភូមិ នៃខេត្តព្រៃវែង។
ក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានលើកឡើងថា សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ខាងមុខនេះ គឺដើម្បីបង្ហាញនូវស្មារតីមោះមុត បរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ និងឥទ្ធិពលដ៏ខ្លាំងក្លារបស់គណបក្សប្រជាជនកម្ពុជា ក្នុងធ្លុងមហាសាមគ្គីជាតិ ដើម្បីបុព្វហេតុជាតិ និងប្រជាជន។
ក្នុងនាមជាសកម្មជនយុវជនបក្ស យើងម្នាក់ៗ មានភារកិច្ចចូលរួមចំណែកធានានិរន្តភាព យូរអង្វែងរបស់គណបក្ស ដែលសព្វថ្ងៃជាគណបក្សធំ មានសមាជិកគ្រួសារច្រើន និងកំពុងកាន់អំណាច ដោយមានការទទួលខុសត្រូវ ខ្ពស់ចំពោះជោគវាសនា របស់ជាតិមាតុភូមិ។ ហើយនៅក្នុងនាមជាអ្នកដឹកនាំ យើងក៏ត្រូវផ្តល់ការធានាគាំទ្រទាំងផ្នែកស្មារតី និងសម្ភារៈ ព្រមទាំងការលើកទឹកចិត្តដល់សកម្មជនយុវជនបក្ស សំដៅជំរុញប្រសិទ្ធភាព នៃការបំពេញតួនាទី ក្នុងនាមជាជំនួយការរបស់គណបក្ស ក្នុងការបំផុសចលនាយុវជន ឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា រក្សាបាននូវប្រៀបឈ្នះជាប់ជាប្រចាំ ដោយសារការចិញ្ចឹមចលនារស់រវើក ការបម្រើប្រជាជនប្រកបដោយទឹកចិត្តស្មោះសរ និងការតម្កល់ផលប្រយោជន៍ប្រជាជន ជាធំក្នុងគ្រប់កាលៈទេសៈ រាប់ចាប់តាំងពីពេលដែលបក្សត្រូវបានបង្កើតឡើងមកម្ល៉េះ។ ឯកឧត្តមកិត្តិសេដា្ឋបណ្ឌិត ជាម យៀប បានបន្តថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាននាំមកនូវការរីកចម្រើននៅទូទាំងប្រទេស ជាពិសេសក្នុងមូលដ្ឋានខេត្តព្រៃវែង ផ្ទាល់ ដែលបាននាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសា្ពនមិត្តភាពកម្ពុជា ជប៉ុនឣ្នកលឿង។
ឯកឧត្តម បានបញ្ជាក់ថា តាមរយៈគោលនយោបាយ របស់រាជរដ្ឋាភិបាល បានផ្ដល់ការយកចិត្តទុកដាក់លើជីវភាពបងប្អូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសកម្មករ កម្មការិនី ដោយផ្សាភ្ជាប់ទៅនឹងអត្ថប្រយោជន៍ជាច្រើនដែលបងប្អូនទទួលបាន។ ទន្ទឹមនឹងនេះ គណបក្សប្រជាជនធានាថា អត្ថប្រយោជន៍ទាំងនេះ នឹងនៅតែរក្សា និងមានតែកើនឡើង ដោយមិនបាត់បង់ ឬថយចុះនោះទេ ប្រសិនបើគណបក្សប្រជាជនកម្ពុជា នៅតែបន្តកាន់អំណាច។
សូមជម្រាបថា នេះជាថ្ងៃទី៨ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលយុទ្ធនាការនេះ នឹងបន្តរហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ មុននឹងឈានដល់ថ្ងៃបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕